ខេត្តកែប៖ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បេះទោះជាមានក្រុមភ្ញៀវមកទស្សនានៅខេត្តកែបច្រើនគួរសម ប៉ុន្តែបើក្រលេកមើលការលក់ដូរគ្រឿងសមុទ្រនៅក្នុងផ្សារនៃតំបន់ខាងលើហាក់នៅតម្លៃធម្មតា គ្មានភាពប្រែប្រួល ដែលជាកត្តាមួយបង្កភាពងាយស្រួលដល់ពលរដ្ឋមានលទ្ធភាពអាចទិញពិសារ ថែមទាំងបង្កភាពងាយស្រួលដល់អាជីវករ លក់ដូររកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព និងចិញ្ចឹមគ្រួសារបានកាន់តែប្រសើរឡើង។នេះបើយោងតាមការលើកឡើង ពី លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។
ទោះជាយ៉ាងណាក្តី លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានបញ្ជាក់ដែរថា ទោះជាប្រទេសកម្ពុជាយើង ពិសេសខេត្តកែប បានរងនូវវិបត្តិខ្លះៗដោយសារកូវីដ-១៩(អូមីក្រុង) តែការលក់ដូរទំនិញនិងគ្រឿងសមុទ្រ និងទំនិញទូទៅហាក់មានភាពល្អប្រសើរ ថែមទាំងមានហាងឆេងធម្មតា។
លោកប្រធានបានបញ្ជាក់ផងដែរថា សម្រាប់តម្លៃទូទៅក្នុងសប្តាហ៍នេះ ដូចជា៖ បង្គាស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃ ចាប់ពី៥០,០០០៛,ទៅ៦០,០០០៛ ,មឹកស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃ ៤៥,០០០៛ឬ៥០,០០០៛ ,ក្តាមសេះលេខ១ មានតម្លៃ ៦៥,០០០៛។ ដោយឡែកចំពោះមុខទំនិញផ្សេងៗទៀត អាចមានភាពប្រែប្រួលបន្តិចបន្តួច។
ដោយឡែកបើយោងតាម ការលើកឡើង ពីលោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត ក៏បានបញ្ជាក់ផងដែរថា តម្លៃគ្រឿងសមុទ្រ រួមទាំងមុខទំនិញផ្សេងៗ នៅទីផ្សារខេត្តកំពត ក៏មានហាងឆេងប្រហាក់ប្រហែលគ្នានឹងខេត្តកែបដែរ ជួនកាលអាចខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ ហើយទោះជាបែបណា លោកនឹងខិតខំជំរុញឱ្យរាល់មុខទំនិញក្នុងស្រុកមានលំនឹង និងមានគុណភាពខ្ពស់ ដើម្បីប្រកួតប្រជែងមុខទំនិញនានាក្នុងទីផ្សារក្នុងស្រុក៕ សេង ណារិទ្ធ