ឧត្តរមានជ័យ: នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២០-៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ២៥ ២៦ នៅចំណុចផ្លូវបំបែកកែងថ្លាត ស្ថិតនៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា បង្ករ ឡើងដោយរថយន្ត Lexus RX300 បើកបរក្នុងស្ថានភាពស្រវឹងកាច់កែងមិនទាន់ជ្រុលទៅបុកចូលផ្ទះរបស់ឈ្មោះ យ៉ុង អេម ភេទប្រុស អាយុ ៥៤ ឆ្នាំ ប្រពន្ធឈ្មោះ ហៀង សារីន អាយុ ៥១ឆ្នាំ រស់នៅភូមិឃុំខាងលើ បណ្តាលឱ្យរងរបួសធ្ងន់កូនម្ចាស់ផ្ទះ ១នាក់ដែលកំពុងងូតទឹកក្នុងបន្ទប់ទឹក ឈ្មោះ អេម ឆវី ភេទស្រី អាយុ ១១ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រងរបួសធ្ងន់ត្រង់ផ្ទៃមុខ បាក់ដៃខាងស្ដាំ និងខូចខាតផ្ទះមួយចំនួន។
ជនបង្ករជាអ្នកបើរបររថយន្តឈ្មោះ ឡេន ណូរុន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បើកបររថយន្តម៉ាក Lexus RX300 ពណ៌ស្ករ សេរីឆ្នាំ១៩៩៩ ពាក់ផ្លាកលេខ ភ្នំពេញ ២Q-៩១២២ មិនរងរបួស រថយន្តខូចធ្ងន់ផ្នែកខាងមុខ ។ បច្ចុប្បន្ន ជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ចំណែកអ្នកបើកបរ និងដកហូតវត្ថុតាងឃាត់ខ្លួន និងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដេីម្បីចាត់ការបន្តតាមនិតិវិធី ៕ដោយ:ចាន់ ធី





































