ជិះម៉ូតូភ្លាត់ស្នៀតចាប់ហ្វ្រាំងដួលខ្លួនឯងបណ្តាលឱ្យស្លាប់មួយរំពេច

0

ខេត្តកំពត៖ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅកណ្តាលទ្រូងផ្លូវខណៈស្ត្រីរងគ្រោះជិះម៉ូតូហើយចាប់ហ្វ្រាំងទាំងបង្ខំបណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។គ្រោះថ្នាក់បង្កដោយខ្លួនឯងនេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ ៣៣-៣៤ ស្ថិតក្នុងភូមិមន្ត្រី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។

តាមប្រភពព័ត៌មានពីនគរបាលក្នុងមូលដ្ឋាន បានឱ្យដឹងថា គ្រោះថ្នាក់ខាងលើនេះគឺបង្កដោយខ្លួនឯង ខណៈស្ត្រីជាអ្នកបើកបរម៉ូតូរងគ្រោះ វាក់អើនឹងរថយន្តដែលបើកនៅលើដងផ្លូវ ដោយស្ត្រីរងគ្រោះជាន់ហ្វ្រាំងទាំងបង្ខំ ទើបដួលបោកក្បាលស្លាប់ភ្លាមៗតែម្តង។

ប្រភពដដែលបានបញ្ជាក់ទៀតថា ស្ត្រីរងគ្រោះមានឈ្មោះ សាយ សុខឿន អាយុ៤៣ឆ្នាំ មានទីលំនៅក្នុងភូមិឫស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដោយស្រ្តីរងគ្រោះធ្វើដំណើរពីជើងទៅត្បូង។ស្ត្រីរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាក C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពត 1I-2568 អត់ពាក់មួកសុវត្ថិភាព ទើបពេលដួលបោកក្បាលទៅនឹងថ្នល់បណ្តាលឱ្យស្លាប់ភ្លាមៗបែបនេះ។

ក្រោយពីសមត្ថកិច្ចមកត្រួតពិនិត្យ សពស្ត្រីរងគ្រោះត្រូវបានសាច់ញាតិមកទទួលយកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ សេង ណារិទ្ធ