មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលគោកធ្លកលើម្នាក់រងការចោទប្រកាន់ថាបានប្រើគ្រឿងចក្រឈូសទន្ទ្រានព្រៃរបស់រដ្ឋដោយមិនញញើតច្បាប់

0

សៀមរាប៖ លោក គុណ វិបុល ដែលជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា បានប្រើគ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋ នៅចំណុចភូមិស្រឡៅស្រោង អស់ជាច្រើនហិកតា ដោយមិនមានការក្រែងរអែងច្បាប់សោះឡើយ។
ប្រភពពីប្រជាពលរដ្ឋនៅភូមិស្រឡៅស្រោង ឃុំគោកធ្លកលើ បានឲ្យដឹងថា ដីព្រៃរបស់រដ្ឋនៅក្នុងភូមិស្រឡៅស្រោងជាច្រើនហិកតា កំពុងត្រូវបានឈ្មោះ គុណវិបុល ដែលជាមន្ត្រីនគរបាល យកគ្រឿងចក្រទៅឈូសឆាយជាច្រើនថ្ងៃមកហើយ ដោយមិនមានសមត្ថកិច្ចណាចុះបង្ក្រាបឡើយ ដែលករណីនេះ ត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថា សមត្ថកិច្ចជំនាញអាចមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍អ្វីមួយទើបមិនបង្ក្រាប។
ពាក់ព័ន្ធការលើកឡើងនេះ អ្នកព័ត៌មាន មិនអាចទាក់ទងសុំការបំភ្លឺពីលោក គុណ វិបុល បានទេ ដោយហៅទូរស័ព្ទចូលមិនមានអ្នកទទួល។ ប៉ុន្តែបើទោះជាយ៉ាងណា នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោក ម៉ុង ប៊ុនលីម បានប្រាប់អ្នកព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះថា បន្ទាប់ពីមានការចោទប្រកាន់នេះ លោកបានធ្វើការស្រាវជ្រាវជាបន្ទាន់មួយ ដោយរកឃើញថា ដីព្រៃប្រមាណជាមួយហិកតា ត្រូវបានជនមិនស្គាល់មុខដាក់គ្រឿងចក្រឈូសឆាយ និងដីប្រមាណជា៧ហិកតាទៀតត្រូវបានគេទន្ទ្រានកាន់កាប់។ លោកបន្តថា ចំពោះការលើកឡើងថា មន្ត្រីនគរបាលឈ្មោះគុណ វិបុល ជាអ្នកគ្រឿងចក្រចូលឈូសឆាយនោះ នៅចំពោះមុខក្រុមការងារ លោកគុណ វិបុល បានបដិសេដរាល់ការចោទប្រកាន់ទាំងអស់ថាមិនមានពាក់ព័ន្ធទេ។
បើតាមលោក ម៉ុងប៊ុនលីម បានអះអាងថា បើទោះបីជាយ៉ាងណាក្តី លោករឿងនេះ លោកបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយ ដោយចោទប្រកាន់លើអញ្ញត្តិជន(ជនមិនស្គាល់អត្តសញ្ញាណ) ៕