ខេត្តកំពត៖ ជាទូទៅបន្លែធម្មជាតិគ្រប់ប្រភេទពិតជាតម្រូវការដ៏ចាំបាច់បំផុតដែលពលរដ្ឋគ្រប់រូបមិនអាចខ្វះបាន សម្រាប់យកមកចម្អិនកែច្នៃធ្វើមុខម្ហូបប្រចាំថ្ងៃយ៉ាងណាមិញបើក្រលេកមើលការងារដាំដុះបន្លែបង្ការគ្រប់ប្រភេទដែលស្ថិតក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ពិតជាមានការលូតលាស់បានល្អ
ព្រមទាំងទទួលបានផលយ៉ាងគាប់ប្រសើរ ដោយសារការដាំដុះត្រូវធ្វើឡើងទៅតាមក្បួនខ្នាត និងការថែទាំងបានល្អ។លោក អ៉ឹម ច័ន្ទសោធន អភិបាលរងស្រុកទឹកឈូ បានឱ្យដឹងថាការដាំបន្លែស្ថិតក្នុងតំបន់ ភូមិសាស្ត្រខាងលើ ត្រូវពឹងផ្អែកទៅលើការថែទាំ គូបផ្សំនឹងអំណោយផលពីអាកាសធាតុផងដែរ។ បច្ចុប្បន្ន ការដាំដុះមានការលូតលាស់និងទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្តនេះក៏អាស្រ័យលើកិច្ចខិតខំប្រឹងប្រែងពីក្រុមបណ្ត៉ំអាជីវកម្មបន្លែធម្មជាតិដែលជានិច្ចកាលក្រុមអ្នកដាំដុះពួតដៃគ្នាជាធ្លុងមួយដើម្បីថែទាំងបន្លែទាំងនោះកុំឱ្យមានសត្វល្អិតចង្រៃមកយាយី ពិសេសការប្រើជីធម្មជាតិជំនួយផងដែរ។
លោកអភិបាលរងស្រុកបានបញ្ជាក់ផងដែរថា ការដាំបន្លែនៅតំបន់នេះ គឺគាំទ្រដោយគម្រោង អេសស្ប៉ាយ តាមរយៈក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ សម្រាប់ផ្តល់លទ្ធភាពឱ្យបងប្អូនប្រជាពលរដ្ឋ ផលិត ដាំដុះបន្លែសុវត្ថិភាព ដោយប្រើប្រាស់ជីធម្មជាតិ មិនបង្កប៉ះពាល់ដល់សុខភាពនោះឡើយ។
ដោយឡែក ទាក់ទិននឹងការដាំបន្លែនេះដែរ លោក មាស សំអុល អនុប្រធានក្រុមបណ្ត៉ំអាជីវកម្មបន្លែធម្មជាតិ បានឱ្យដឹងថា ក្រុមអ្នកដាំបន្លែមានភាពងាយស្រួល អាស្រ័យដោយមានការជួយជ្រោមជ្រែងពីមន្ទីរកសិកម្មខេត្ត ទើបក្រុមរបស់លោកមានលទ្ធភាពចងជាបណ្ត៉ំ ហើយមន្ទីរកសិកម្មបានផ្តល់នួវសម្ភារៈសម្រាប់ដាំបន្លែ។ចំពោះប្រភេទបន្លែដែលដាំនៅទីនេះ រួមមាន៖ ស្ពៃក្តោប ស្ពៃក្រញាញ់ សាឡាដ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃខៀវ និងខាត់ណាផ្កា ជាដើម។
ិ
លោក មាស សំអុល បានបញ្ជាក់ទៀតថា បន្លែគ្រប់ប្រភេទដែលក្រុមបណ្ត៉ំអាជីវកម្មបន្លែធម្មជាតិ ប្រមូលផល គឺត្រូវបានលក់ដុំទៅឱ្យឈ្មួញយកទៅលក់បន្ត ដោយក្រុមរបស់យើងលក់បោះដុំក្នុង១គីឡូក្រាម តម្លៃជាមធ្យម២០០០រៀល ប៉ុន្តែតម្លៃអាចប្រែប្រួលខ្លះៗ ខណៈហាងឆេងទំនិញក្នុងទីផ្សារក្នុងស្រុកមានការឡើងចុះតាមរដូវកាល៕ សេង ណារិទ្ធ





































