កំពង់ចាម : ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និង អាជ្ញាធរ ស្រុកជើងព្រៃ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់ក្រុមប្រឹក្សាឃុំ និង អាជ្ញាធរ ស្រុក ជេីងព្រៃ ក៏ដូចជា មន្ត្រីពាក់ព័ន្ធ ទាំងអស់ ឲ្យបង្កើន
ការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អទ្វេឡើង និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ។
ក្នុង ឱកាសនោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ណែនាំ ដល់ អាជ្ញាធរ ក៏ដូចជា មន្ត្រីពាក់ព័ន្ធ ទាំងអស់ ត្រូវបន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ត្រូវការពារសន្តិសុខជាតិឲ្យបានរឹងមាំ សំដៅធានានូវប្រក្រតីភាពនៃស្ថាប័នជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ហេីយត្រូវពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឲ្យបានឆាប់រហ័ស ជៀសវាងទុកវិវាទឲ្យមានការរាលដាល និងស្មុគស្មាញ ពិបាកដោះស្រាយ ។ ជាពិសេស ត្រូវយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពវិនិយោគកសិផល អាជីវកម្មនានា និងផ្ដល់ការគាំទ្រ ភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាវិស័យអាទិភាពចម្បងរបស់ខេត្ត ស្របតាមគោលនយោបាយ និងគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លេីសពី នោះ ត្រូវជំរុញ និងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ជូនប្រជាពលរដ្ឋ កុមារ និងយុវវ័យ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការឆ្លងរីករាលដាលនៃជំងឺបំប្លែងខ្លួនថ្មី «ប្រភេទ អូមីក្រុង» ព្រមទាំង ធ្វើការអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋជាប់ជាប្រចាំនូវវិធានការនានា ការរក្សាគម្លាតសុវត្ថិភាពបុគ្គល និងសង្គម រួមនឹងវិធានការ ៣ការពារ និង៣កុំ ផងដែរ ៕





































