ក្រោយពេលផ្សោតស្លាប់បាត់បង់អស់ប្រជាសហគមន៍អេកូទេសចរណ៍នៅអន្លង់ឈើទាល បានត្អូញត្អែរពីការថយចុះនៃប្រាក់ចំណូល

0

ខេត្តស្ទឹងត្រែង:ប្រជាសហគមន៍ ដែលប្រកបរបរលក់ដូរក្នុងសហគមន៍ នៅអន្លង់ឈើទាល ស្ថិតក្នុងឃុំព្រះរំកិល នៃស្រុកបុរីអូរស្វាយសែនជ័យបានប្រាប់ថាមានការថយចុះយ៉ាងគំហុកនៃប្រាក់ចំណូលក្រោយមានការបាត់បង់នូវជីវៈចម្រុះធនធានធម្មជាតិដ៏សំខាន់ក្នុងទន្លេ
មេគង្គលើនៃប្រទេសកម្ពុជា ។ ពួកគាត់ថាៈក្រោយពេលសត្វផ្សោតបានស្លាប់បាត់បង់ជីវិតអស់ហើយនោះ ភ្ញៀវទេសចរណ៍មកកំសាន្តក៏ថយចុះប្រាក់ចំណូលក៏ទទួលបានតិចតួចមិនដូចកាលពីពេលដែលនៅមានសត្វផ្សោតនោះឡើយ ។

គួររំលឹកថាៈអន្លង់ឈើទាលគឺជាសហគមន៍អេកូទេសចរណ៍ដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកកំសាន្ត និងជាប្រភពចំណូល ក្នុងការចិញ្ចឹមជីវភាពប្រជាសហគមន៍នៅតំបន់នោះ ។

អ្នកមីងថាន់មុំអ្នកលក់ម្ហូបអាហារនៅសហគមន៍អេកូទេសចរណ៍អន្លង់ឈើទាលបានរៀបរាប់ថាៈមួយរយៈចុងក្រោយនេះមិនសូវសម្បូរភ្ញៀវទេសចរណ៍មកកំសាន្តលេងនោះទេ ដោយសារពុំមានផ្សោតសំរាប់មើលកំសាន្ត ទើបធ្វើឲ្យពួកគាត់ លក់ដូរមិនសូវដាច់ ។ គាត់បន្តថាៈកន្លងមក គាត់ចិញ្ចឹមជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ គឺពឹងផ្អែកទាំងស្រុង ទៅលើមុខ របរលក់ម្ហូបអាហារជូនភ្ញៀវនៅក្នុងសហគមន៍អេកូទេសចរណ៍ នៃអន្លង់ឈើទាលនេះ ។

លោកផយវណ្ណាសមាជិកគណៈកម្មការសហគមន៍អេកូទេសចរណ៍អន្លង់ឈើទាលបានរៀបរាប់ដែរថាៈក្រោយពីសត្វផ្សោតស្លាប់បានផុតពូជអស់ទៅ គឺបានធ្វើឲ្យប៉ះពាល់ដល់អ្នកប្រកបមុខរបរបម្រើសេវាកម្មជូនភ្ញៀវ ក៏ដូចជាអ្នកលក់ដូរម្ហូបអាហារ ក្នុងសហគមន៍ទាំងមូល ។ លោកថាៈភ្ញៀវទេសចរណ៍មកលេងនៅទីនេះ គឺគេចង់មើលផ្សោត តែបើអស់ផ្សោតហើយនោះ ក៏គ្មានភ្ញៀវមកកំសាន្តទៀតដែរ ។

លោក ភីវ មឿងឃុន មេឃុំព្រះរំកិលបានប្រាប់ឲ្យដឹងថាៈប្រជាពលរដ្ឋនៅក្នុងឃុំព្រះរំកិល ភាគច្រើនគឺទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ តាមរយៈការទស្សនាសត្វផ្សោត និងលក់ម្ហូបអាហារជូនភ្ញៀវ ៕