ខេត្តព្រះវិហារ៖ ការថ្លែងប្តេជ្ញាចិត្តរបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើក្នុងសិក្ខាសាលា បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំឆ្នាំ២០២១ និងការដាក់ចេញទិសដៅការងារអនុវត្តន៍បន្ត ឆ្នាំ២០២២ កាលពីថ្ងៃទី២៣មីនាឆ្នាំ២០២២ នៅក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងប្តេជ្ញាចិត្តថា លោកឧត្តមសេនីយ៍ ក៏ដូចនាយទាហាន និងពលទាហានទាំងអស់របស់តំបន់សឹករងព្រះវិហារ នឹងរង់ចាំស្តាប់ និងអនុវត្តន៍នូវរាល់បទបញ្ជា និងសេចក្តីណែនាំរបស់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ឯក ពៅ ហេង នូវគ្រប់ពេលវេលា ដើម្បីធ្វើឲ្យសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់លើដាក់ជូន ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញមកបំពេញការងារ និងទស្សនកិច្ចនៅក្នុងខេត្តព្រះវិហារ ជាពិសេស បន្តពង្រឹងប្រៀបការពារជាតិ និងការរក្សាសន្តិសុខព្រំដែន ឲ្យបានកាន់តែរឹងមាំជាងនេះ ថែមទៀត។
ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានបន្តថា នៅក្នុងដំណាក់កាលការរាតត្បាតជំងឺកូវីដ-១៩ កម្លាំងកងទ័ពរបស់តំបន់ប្រតិបតិ្តការសឹករងព្រះវិហារ ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារទប់ស្កាត់ ដោយបានអនុវត្តតាមបទបញ្ជា និងសេចក្តីណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ,អគ្គបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤ ធ្វើឱ្យកងទ័ពកាន់តែមានកិត្យានុភាព និងមានទំនុកចិត្តពីប្រជាពលរដ្ឋ ជាក់ស្តែង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូន បងប្អូនយោធិន គ្រួសារកងទ័ព គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលល្អប្រសើរ និងការទទួលខុសត្រូវខ្ពស់ ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២២នេះ ដោយឈរលើផែនការការងារកសាង ការពង្រឹងអង្គភាពឱ្យរឹងមាំលើគ្រប់វិស័យ អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ធានាបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន គ្រប់កងឯកភាពចំណុះឲ្យតំបន់សឹករងព្រះវិហារ ត្រូវបន្តសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការងារសន្តិសុខ បន្តលើការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ពង្រឹងប្រៀបការពារជាតិ ជម្រុញការងារបង្កបង្កើនផល ការចិញ្ចឹមសត្វ ការដាំដុះបន្លែ និងបន្តកសាងផ្លូវបេតុងចូលទីបញ្ជាការ ព្រមទាំងអាគារទីបញ្ជាការថ្មី ការបង្កើនធានាជីវភាពកងទ័ព មានផ្ទះបាយរួម មានម្ហូបអាហារហូបគ្រប់គ្រាន់ ប្រកបដោយសុខមាលភាព ត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោង តាមបទបញ្ជារបស់ថ្នាក់លើ ដើម្បីចុះជួយសង្រ្គោះប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយដោយកត្តាមនុស្ស និងធម្មជាតិជាហថាហេតុ ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានថ្លែង កោតសរសើរ ចំពោះការខិតខំបំពេញភារកិច្ចរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលធ្វើឲ្យទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ នៅក្នុងឆ្នាំ២០២១កន្លងមកនេះ៕ដោយ៖ឡុង សំបូរ