វិធានការដកដីព្រៃលិចទឹក របស់រាជរដ្ឋាភិបាលពីក្រុមជនទុច្ចរិតមកវិញគឺដើម្បីនិរន្តភាពមច្ឆាជាតិ បំរើឱ្យប្រជាពលរដ្ឋជាង១៦លាននាក់

0

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅស្រុកកំពង់លែងនា ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ។
ឯកឧត្តមអភិបាល ខេត្តកំពង់ឆ្នាំងដីព្រៃលិចទឹកត្រូវបានកាប់បំផា្លញពីសំណាក់ជនទុច្ចរិតដើម្បីធ្វើកម្មសិទ្ឋ ប្រសិនបើយើងបន្តឱ្យដីព្រៃលិចទឹកដែលរងការកាប់បំផ្លាញពីជនខិលខូចទាំងនោះ បន្តកាន់កាប់ នោះត្រូវពួកគេនឹងធ្វើរបរកសិកម្ម ហើយនឹងត្រូវប្រើប្រាស់ជីគីមី ថ្នាំពុល សម្លាប់សត្វល្អិត លុះដល់ពេលទឹកឡើងធ្វើឲ្យប៉ះពាល់ដល់មច្ឆាជាតិបំផា្លញបរិដ្ឋាន ។ ការដកដីព្រៃលិចទឹកមកវិញ យើងបានដាំនូវដើមឈើព្រៃលិចទឹកជំនួស បំពេញកន្លែងរិចរឹល ដើម្បីស្ដារឡើងវិញ សម្រាប់ជាជម្រកត្រីពងកូន និងសម្រាប់ជីវៈចម្រុះ នៅជុំវិញបឹងទន្លេសាប ។ នៅពេលដែលព្រៃលិចទឹកបានលូតលាស់ដូចដើមឡើង វិញធានាបានដល់ និរន្តរភាពមច្ឆាជាតិ មានប្រពន្ឋ័អេកូឡូជី ពេលនោះ យើងនឹងប្រែក្លាយតំបន់ទាំងនោះឲ្យក្លាយជាតំបន់ទេសចរណ៍ សម្រាប់ ផលប្រយោជន៍បងប្អូន ក្នុងតំបន់ដែលរកចំណូល ពីវិស័យនេះផងដែរ ។
ឯកឧត្តមក៏បានបញ្ជាក់ថា៖ ថ្ងៃនេះ (២៤មីនា) ឆ្លើយតបអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង បានចែកកម្លាំងជា៣ក្រុម ចេញបង្ក្រាបបទល្មើសនេសាទ តាមស្រុកចំនួន៣ គឺស្រុកបរិបូណ៌ ស្រុកកំពង់លែង និង ស្រុកជលគីរី ដោយផ្ដោតជាសំខាន់លើការបង្ក្រាប បទល្មើសដាក់របាំងសាច់អួន របាំងស្បៃមុង និងការដាក់សម្រាស់ ពិសេសការប្រើប្រាស់ឧបករណ៍អូសអួនជាដើម។ ជាមួយនឹងការបង្ក្រាបបទល្មើសថ្ងៃនេះ ក៏នឹងស្រាវជ្រាវរកមេឈ្មួញបទល្មើសធំៗ ដើម្បីនាំខ្លួនមកសាកសួរ និងកសាងសំណុំរឿងផងដែរ។ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង ដែលបានភ្ញាក់រលឹក ប្រគល់នូវឧបករណ៍ឆក់ត្រី ប្រមាណជាង ៣០០គ្រឿង ដល់មន្ត្រីជំនាញ តាមការអំពាវនាវរបស់អាជ្ញាធរខេត្ត និងសមត្ថកិច្ច ។ ជាចុងសូមបងប្អូនថែរក្សាអនាម័យ ដើម្បីការពារជំងឺកូវីដ19 ដោយអនុវត្តនូវវិធានការ របស់ក្រសួងសុខាភិបាល ៣កុំ៣ការពារ និងអញ្ជើញទៅចាក់វ៉ាក់សាំង តាមដូស៍កំណត់ ។
ជាចុងក្រោយអភិបាលខេត្តកំពង់ឆ្នាំងក៍បានឧបត្ថមដល់បេក្ខភាពឈរឈ្មោះបោះឆ្នោតទាំង៨៨នាក់ក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូ ទឹកត្រី១យួ,ទឹកស៊ីអីវ១យួ និងថវិការ៤ ម៉ឹនរៀលផងដែរ៕សុខ គឹមសៀន