រថយន្តដឹកកម្មករបុកគ្នាក្រឡាប់ផ្ងារជើងបណ្ដាលឲ្យកម្មករប្រុសស្រី ច្រើនជាង ៥០នាក់រងរបួសធ្ងន់ស្រាល នៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង រថយន្តដឹកកម្មករ មួយគ្រឿងបានក្រឡាប់ផ្ងារជើង បណ្ដាលឲ្យកម្មករច្រើនជាង ៥០ នាក់ បានរងរបួស ធ្ងន់និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងនៅវេលាម៉ោង ៧និង២០នាទីយប់កាលពី ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវកៅស៊ូ នៅចំណុចព្រៃឆ្មា
ក្នុងភូមិរលាំងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខណៈដែល រថយន្តដឹកកម្មករ បុកជាមួយនឹងរថយន្តធុនតូច អ្នកបើកបរ ក្នុងស្ថានភាពស្រវឹង ។

លោក សេង ចិន្តា នគរបាល ស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលមកពីរថយន្តធន់ធំដឹកកម្មករ បុកជាមួយនឹងរថយន្ត ធុនតូចអ្នកបើកបរក្នុងស្ថានភាពស្រវឹង។

លោកអធិការ នគរបាលស្រុកសាមគ្គីមានជ័យ បានបញ្ជាក់ថា មុនពេលកើតហេតុ មានរថយន្តដឹកកម្មករមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A14.22 បើកបរដោយបុរស ឈ្មោះ យន ភៀវ អាយុ 27 ឆ្នាំ រស់នៅភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ក្នុងដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយរថយន្តមួយគ្រឿង ម៉ាក ហុងដា ស៊ីវិច ពណ៌ស គ្មានស្លាកលេខបើកបរដោយ ឈ្មោះ ហ៊ន រិន អាយុ 50 ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បើបរ ក្នុងស្ថានភាពស្រវឹង បណ្ដាលឲ្យរថយន្តដឹកកម្មករក្រឡាប់ផ្ងារជើងឡើងលើ និងបានបណ្ដាលឲ្យកម្មករចំនួន 57 នាក់(ប្រុស14នាក់ប្រុស )បានរងរបួសក្នុងនោះ របួសធ្ងន់ 8 នាក់ ។

អ្នករងរបួសទៅបានដឹកទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែក ស្រុកកំពង់ត្រឡាច ចំណែកអ្នករងរបួសធ្ងន់ ខ្លះបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញនិងខ្លះបានដឹកទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។

លោកអធិការបានបញ្ជាក់ថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តដឹកកម្មករបានរត់គេចខ្លួនបាត់ ចំណែកអ្នកបើកបររថយន្ត ហុងដា ស៊ីវិច ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមនីតិវិធី ព្រោះតែបើកបរក្នុងស្ថានភាពស្រវឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ។

ដោយឡែករថយន្តទាំងគ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសាម្គីមានជ័យ យកទៅរក្សាទុកនៅអធិការដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕ សុខ គឹមសៀន