លោកអភិបាលខេត្តកំពតនិងប្រធានក្រុមប្រឹក្សាខេត្តជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូគ្រូពេទ្យ អ្នករត់ម៉ូតូឌុបកង់បីនិងអ្នករត់តាក់ស៊ីនៅស្រុកបន្ទាយមាស

ខេត្តកំពត ៖ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល់ជាមួយ លោកគ្រូ អ្នកគ្រូបង្រៀន លោកគ្រូ អ្នកគ្រូពេទ្យ ព្រមទាំងគ្រួសារម៉ូតូឌុប និងតាក់ស៊ី នៅស្រុកបន្ទាយមាស។

ពិធីនានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកំលាំងទាំងបីប្រភេទ លោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក និងមន្ត្រីរាជការចំណុះរដ្ឋបាលស្រុកបន្ទាយមាស។

លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តបានបញ្ជាក់ថា ប្រទេសយើងមានសុខសន្តិភាពពេញបរិបូណ៌បានមកដោយសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យកជីវិតទៅប្តូរ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃនេះតកូនតចៅរបស់យើង។ ឯកឧត្តមបានបន្ថែមថា ក្នុងនាមជាគ្រួសារម៉ូតូឌុប និងតាក់ស៊ីយើងត្រូវចូលរួមថែរក្សា ចែករំលែក រួមសុខរួមទុក្ខជាមួយគ្នា ជាពិសេសសូមកុំជឿតាមការអូសទាញបំបែកបំបាក់ពីក្រុមអគតិមួយចំនួន។

ចំពោះអំណោយដែលចែកជូនមានចំនួន ១២៨៣នាក់ ហើយក្នុងម្នាក់ៗទទួលបានជាគ្រឿងឧបភោគ បរិភោគមួយចំនួនដូចជា អង្ករ២០គ.ក សារ៉ុង២ ទឹកស៊ីអ៊ីវ១យួរ និងត្រីខ១យួរ ផងដែរ៕ សេង ណារិទ្ធ