អភិបាលស្រុកដឹកនាំមន្ត្រីកាត់ដើមឈើដើម្បីរៀបចំលើកកម្ពស់សោភ័ណភាពទីប្រជុំជនទីរួមស្រុកស្ទោង

កំពង់ធំ ÷ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោក សាយ គឹ មឡម អភិបាលស្រុក លោក គង់ សំអាត អភិបាលរងស្រុកស្ទោង និងសហការីព្រមទាំងកងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន បានចុះកាត់ដើមឈើដែលនៅកៀកនឹងថ្នល់ជាតិ ដើម្បីបំពាក់សូឡា ព្រមទាំងដាំដើមឈើលម្អឡើងវិញ។

នៅក្នុងឱកាសនេះលោកអភិបាលស្រុកបានឲ្យដឹងថា ការកាត់ដើមឈើនេះគឺ សមស្របតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកស្ទោង និងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ព្រមទាំងសោភ័ណ្ឌភាព ក្នុងទីប្រជុំជនស្រុកស្ទោង។ មានសភាពស្រលះ កុំឲ្យដើមឈើបាក់មែកឬ ដួលរលំ មកលើសូឡា និងដើមផ្កា ដែលត្រូវបំពាក់ និងដាំនៅសង្ខាងផ្លូវ មានភ្លើងបំភ្លឺនៅពេលរាត្រី និង មានដើមផ្កាស្រស់បំព្រងគួរឲ្យរីករាយ។

ជាមួយគ្នានេះផងដែរលោកអភិបាលស្រុកក៍បានបញ្ជាក់ថា ដើម្បីឲ្យកិច្ចការនេះទទួលបានជោគជ័យគឺត្រូវមានការចូលរួមទាំងអស់គ្នា ទាំងរដ្ឋបាលស្រុក គណៈកម្មការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធាណៈ និងសោភ័ណ្ឌភាពស្រុក អាជ្ញាធរមូលដ្ឋាន សប្បុរសជនជិតឆ្ងាយ។ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានផ្ទះ នៅអមសង្ខាងផ្លូវផ្ទាល់តែម្តងដែលត្រូវមានការលះបង់ ការទទួលខុសត្រូវ និងការចូលរួមខ្ពស់ជាងគេ។

លើសពីនេះទៀត លោកសាយ គឹមឡមបានបន្ថែមថា តាមផែនការ រដ្ឋបាលស្រុកនឹង បំពាក់សូឡាចំនួន២៤០គ្រឿង ដាំដើមសាគឺរ៉ាតាមសង្ខាងផ្លូវក្នុងទីប្រជុំជនស្រុកស្ទោងចម្ងាយជិត ៦.០០០ម៉ែត ចាប់ពីស្ពាន មឈាយ ឃុំសំព្រោជ រហូតដល់ស្ពានសាលាអន្សាម ភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ជាចុងបញ្ចប់លោកអភិបាលស្រុកបានអំពាវនាវនិងសូមថ្លែងអំណរគុណជាថ្មីដល់សប្បុរសជនជិតឆ្ងាយ ដែលបានឧបត្ថម្ភសូឡាដល់រដ្ឋបាលស្រុក ហើយសូមជួយឧបត្ថម្ភថែមទៀតដើម្បីរដ្ឋបាលស្រុកស្ទោងមានលទ្ធភាពដាក់បំពាក់បានតាមផែនការ និងពេលវេលាដែលបានកំណត់ សម្រាប់សូឡាក្នុងមួយគ្រឿងតម្លៃ ១៣០ដុល្លារ។