កំពង់ចាម៖ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ អគារ ប៉ុស្តិ៍ នគរបាល រដ្ឋបាល មហាខ្ញូង និង ប៉ុស្តិ៍ នគរបាល រដ្ឋបាលពង្រ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន នាព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រុញ ដល់ កងកម្លាំង នគរបាល ឲ្យបន្តពង្រឹងសមត្ថភាព
ក្នុងការបំពេញការងារប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈ ហើយត្រូវ រួមគ្នាដោះស្រាយសំណូមពរ ឬបញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ផងដែរ ។
ក្នុង ពិធី នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់ កងកម្លាំង នគរបាល ទាំងអស់ ត្រូវបន្តខិតខំធ្វើការងារ ឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងរៀបចំឥរិយាបថ ឲ្យសក្កិសមជាអ្នកបម្រើប្រជាពលរដ្ឋ និងត្រូវខិតខំធ្វើការងារប្រកបដោយប្រសិទ្ធភាព ធ្វើយ៉ាងណា ត្រូវ បម្រើសេវាសន្តិសុខជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ឲ្យ ប្រជាពលរដ្ឋមានទំនុកចិត្តមកលើ សមត្ថកិច្ច អាជ្ញាធរ យើង ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំង ខិតខំសម្របសម្រួល បង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ ពេលដែលពួកគាត់មកទទួលសេវាផ្សេងៗ ។
ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងរដ្ឋបាលខេត្ត ទៅបានដោះស្រាយបញ្ហាប្រឈមជាច្រើន ដូចជាការបង្ក្រាបបទល្មើសនានា រួមទាំងបទល្មើសធនធានធម្មជាតិ ល្បែងស៊ីសង និងបានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ លើសពីនេះ សម្រាប់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ដែលបាន ចូលរួម ប្រឡងប្រណាំង ចលនា ភូមិ-ឃុំមានសុវត្ថិភាព ក្នុងឆ្នាំ ២០២១កន្លង ទៅ នេះ គឺទទួលបានជ័យលាភីលេខ១ ទាំង១០៩ឃុំ-សង្កាត់ លើ១០៩ឃុំ -សង្កាត់ នៅ ទូទាំង ខេត្តកំពង់ចាមតែម្តង ។
ជាមួយគ្នា នោះ ឯកឧត្តម អភិបាលខេត្ត ក៏បាន លើក ឡើង ថា ដើម្បីការពារតំណែងជ័យលាភី លេខ១នេះ ឲ្យបានតទៅមុខទៀត ដូច្នេះនគរបាលយុត្តិធម៌ អាជ្ញាធរ ភូមិ ឃុំ ត្រូវខិតខំបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត មកលើសមត្ថកិច្ច ផងដែរ ៕




































