មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ៣នាក់ រឹបអូសគ្រឿងញៀនបានជាង ១០០ គីឡូក្រាម នៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្តោមការសម្របសម្រួលពី លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបដឹកជញ្ជូន រក្សាទុកសារធាតុញៀននៅ ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ក្នុងប្រតិបត្តិការដែលបានធ្វើឡើង កាលពីថ្ងៃទី២៥មីនាឆ្នាំ៣០២២ នៅរាជធានីភ្នំពេញ។
សមត្ថកិច្ចនៅគ្រានោះ បានចុះទៅកាន់គោលដៅបង្ក្រាបគ្រឿងញៀន ៣ទីតាំង គឺ ១-នៅចំណុច បណ្តោយផ្លូវជាតិ លេខ៤ បង្គោលគីឡូម៉ែតលេខ២៣ ទល់មុខរោងចក្រCPF ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ,២-នៅចំណុច ផ្ទះលេខ២០ ផ្លូវលេខ១១ បុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង ៣-នៅចំណុចផ្ទះគ្មានលេខ (ជាប់ផ្ទះលេខ ១A២) ផ្លូវលំលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចនៅក្នុងការបង្ក្រាបបានឲ្យដឹងថា កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ១-ឈ្មោះ LI YANG ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) កើត១៩៨៨ លិខិតឆ្លងដែន (គ្មាន) ។ ២-ឈ្មោះ JEN HAO JUN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)កើត១៩៨៤ ឆ្លងដែន 360271474 ។ ៣-ឈ្មោះ CHEN POYEN ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) កើត១៩៩៣ ឆ្លងដែន 307520541 ។ និងបានចាប់យកវត្ថុតាង កេតាមីន (Ketamine) ទម្ងន់ ៩៩ គ.ក្រ ៦០២,០៣ ក្រាម , អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៧ គ.ក្រ ៣៧៩ ក្រាម , មេតំហ្វេតាមីន (WY) ទម្ងន់ ១៩០ ក្រាម ,នីមេតាហ្សេប៉ាម (Nimetazepam) ទម្ងន់ ៧,២ ក្រាម សារធាតុញៀនសរុប ទម្ងន់ ១០៧ គ.ក្រ ១៧៨,២៣ក្រាម ។
ក្រោយការបង្ក្រាប ជនសង្ស័យ រួមទាំងវត្ថុតាងគ្រឿងញៀន កម្លាំង នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕