ខេត្តបាត់ដំបង: ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ នៃលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារ ក្រុមបច្ចេកទេសអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបង ដើម្បីប្រែក្លាយទៅលំដាប់ថ្នាក់ 4C កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ។
ឯកឧត្តមសយសុខាន់បានមានប្រសាសន៍លើកឡើងថាដោយយោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាន៍ណែនាំដល់ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្ត អំពីការសិក្សាលទ្ធភាពស្ដារឡើងវិញនូវអាកាសយានដ្ឋានបាត់ដំបង ក្រោយពីត្រូវបានទុកចោលអស់រយ:ពេលជាច្រើនឆ្នាំមកហើយ ។
ឯកឧត្តមបានបន្តទៀតថា ចំពោះការស្ដារឡើងវិញនូវអាកាសយានដ្ឋាននេះ នឹងអភិវឌ្ឍន៍ពីអាកាសយានដ្ឋានប្រភេទ 3C ទៅជាអាកាសយានដ្ឋានប្រភេទ4C តែម្ដងនេះ ដោយផ្អែកទៅតាមតម្រូវការ និងបង្កភាពងាយស្រួលដល់ក្រុមហ៊ុនអាកាសចរក្នុងស្រុក ដែលមានយន្តហោះប្រភេទAirbus ឬBoeing អាចបើកជើងយន្តហោះមកទីរួមខេត្តបាត់ដំបងបាន និងជាពិសេសអាចមានជើងហោះហើរទៅក្រៅស្រុកបានផងដែរ ។ ឯកឧត្តមបានបន្តទៀតថា ក្រោយពីធ្វើការសិក្សារួចមក គឺមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ ដោយត្រូវដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលនៅក្នុងអាកាសយានដ្ឋាន ការពង្រីកផ្លូវRunwayបន្ថែមទៀត និងត្រូវធ្វើការជួសជុលជាច្រើនទៀត ដោយសារត្រូវបានទុកចោលរាប់ឆ្នាំមកហើយ ។
ឯកឧត្តម សុខ លូបានមានប្រសាសន៍ថ្លែងនូវការគាំទ្រដល់ការអភិវឌ្ឍន៍អាកាសយានដ្ឋាននេះទៅជាប្រភេទ4C ដើម្បីធ្វើឲ្យទាក់ទាញភ្ញៀវទេសចរក្រៅស្រុក និងក្នុងស្រុកអាចធ្វើដំណើរត្រង់មកខេត្តបាត់ដំបង និងដើម្បីចូលរួមការអភិវឌ្ឍខេត្តបាត់ដំបងឲ្យកាន់តែមានភាពរីកចម្រើនតទៅមុខទៀត ក្រោយពេលដែលអាកាសយានដ្ឋានប្រភេទ4C ចេញជារូបរាង ជាសមិទ្ធផលកើតចេញមក ។
ឯកឧត្តមក៏បានមានប្រសាសន៍ស្នើឲ្យមានការសិក្សាឲ្យបានច្បាស់លាស់អំពីគម្រោងនៃការពង្រីកផ្លូវRunwayដែលត្រូវការទំហំដីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកុំឲ្មានការយប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅ ។
ឯកឧត្តមបានបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្តនឹងធ្វើការចូលរួមសហការជានិច្ច ដោះស្រាយបញ្ហានានាដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចអភិវឌ្ឍន៍អាកាសយានដ្ឋាននៅខេត្តបាត់ដំបង ដើម្បីឲ្យអាកាសយានដ្ឋាននេះលេចរូបរាងឡើងនៅក្នុងទឹកដីកសិកម្មមួយនេះ ៕
អត្ថបទ : ព្រាប.ស





































