ឃាត់ខ្លួនបុរសម្នាក់ ដែលបានចាប់រំលោភប្អូនថ្លៃស្រីដែលជាអនីតិជន

0

ខេត្តបាត់ដំបង: បុរសល្មោភកាមម្នាក់ ត្រូវបាននគរបាលស្រុកបាណន់ ចុះបង្ក្រាបនិងឃាត់ខ្លួនដោយសារបុរសរូបនេះមានការពាក់ព័ន្ធករណីរំលោភសេពសន្ថវៈទៅលើប្អូនថ្លៃ។ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២ និង ១៥នាទី រសៀលដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះឃាត់ខ្លួនជនសង្ស័យ ម្នាក់ ក្នុងករណីរំលោភសេពសន្ថវៈលើប្អូនថ្លៃជាអនីតិជនអាយុក្រោម ១៥ឆ្នាំ។

លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ជនសង្ស័យប្រព្រឹត្តិសកម្មភាពរំលោភសេពសន្ថវៈលើប្អូនថ្លៃខ្លួននេាះមានឈ្មោះ ឈិន ឆង ហៅ តាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅចំណុចភ្នំខ្ពស់ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ចំណែកជនរងគ្រោះឈ្មោះ ភ.ដ ហៅ យ. អាយុ១៤ឆ្នាំ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភក្មេងស្រីរូបនេះមែន កាលពីថ្ងៃទី២២ មីនាកន្លងទៅថ្មីៗនេះ គឺនៅក្នុងផ្ទះខ្លួនតែម្តង ដែលនាងត្រូវជាប្អូនថ្លៃ របស់ខ្លួន។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុក រៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅការិយាល័យជំនាញខេត្ត ក្នុងការអនុវត្តបន្តតាមនីតិវិធី ៕ អត្ថបទ : ព្រាប.ស