ខេត្តបាត់ដំបង: គ្រាប់មីន១គ្រាប់ ដែលនៅមានគុណភាព ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតឡើងមកលើដីក្បែផ្ទះ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេរួចមក ដែលបង្កអោយមានការភិតភ័យឥតឧបមា។ហេតុការណ៍នេះបានកើតឡើង នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៧ និង ១៥ នាទី ព្រឹកដោយមានប្រជាពលរដ្ឋ ឈ្មោះ ហែម សេរី ភេទស្រី មានទី
លំនៅបច្ចុប្បន្ន ផ្ទះលេខ៣៩៩ ក្រុម៨ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់មីនមួយគ្រាប់បានផុសមកលើដីក្រោយពេលភ្លៀងធ្លាក់ ដែលគ្រាប់នៅស្ថិតនៅក្បែនិងផ្ទះរបស់គាត់តែម្តង។
ក្រោយពេលរាយការណ៍ដើម្បីអោយសមត្ថកិច្ចចុះមកពិនិត្យរួចមក ទើបបានដឹងថាគ្រាប់មីននេះម៉ាកMBV78A1 ផលិតនៅប្រទេសសូវៀត ហើយ មិនទាន់ផ្ទុះនៅឡើយ បច្ចុប្បន្នប៉ុស្តិ៍បានហ៊ុមព័ទ្ធជាសញ្ញាគ្រោះថ្នាក់ ដើម្បីអោយកងឯកភាពកំចាត់មីន យកទៅកម្ទេចចោល ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរាយការណ៍ជាបន្ទាន់នៅពេលឃើញវត្ថុអ្វីម្យ៉ាងដែលមានការសង្ស័យ ៕
អត្ថបទ : ព្រាប.ស





































