ភ្លៀងលាយឡំខ្យល់កន្ត្រាក់មួយមេធំបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋក្នុងភូមិដំរឹបឃុំអភិវឌ្ឃន៍ ស្រុកទឹកផុសចំនួន៧ខ្នងបានរងការខូចខាតខ្លះបាក់រាបដល់ដីនិងខ្លះរបើកដំបូលនិងជញ្ជាំង

0

ខេត្តកំពង់ឆ្នាំង :ភ្លៀងនិងខ្យល់កន្ត្រាក់ បណ្ដាលឱ្យ ផ្ទះប្រជាពលរដ្ឋចំនួន ៧ ខ្នងផ្ទះ នៅភូមិដំរឹប ឃុំអភិវឌ្ឍន៍ស្រុកទឹកផុស ខ្លះបានរលំបាក់រាបដល់ដី និងខ្លះរបើកដំបូល និងប៉ើងជញ្ជាំង។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៤និង ៣០ នាទី ល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២២។

លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស នៅព្រឹកថ្ងៃទី២៨ ខែមីនា នេះ បានឲ្យដឹងថា៖ នៅវេលាម៉ោងប្រមាណជាង៤រសៀល ថ្ងៃទី២៧ ម្សល់ម៉ិញនេះ មានភ្លៀងនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំង ប៉ះទៅចំភូមិដំរឹប បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន ៧ ខ្នង បានរងការខូចខាត ដោយខ្លះបាក់រៀបដល់ដី ខ្លះរបើកដំបូលនិងជញ្ជាំង។ ក្នុងនោះមានផ្ទះរបស់ឈ្មោះ
ហ៊ុ សារិទ្ធ រងការខូចខាតធ្ងន់ជាងគេ។
ផ្ទះនោះ ធ្វើអំពីឈើ ប្រក់ដំបូលស៊ីប្រូ បានរលំបាក់ទាំងស្រុង និងបាន សង្កត់ទៅលើគោយន្ត ១គ្រឿងបណ្ដាលឲ្យរងការខូចខាត ។ ក្រៅពីនោះផ្ទះប្រជាពលរដ្ឋចំនួន ៦ ខ្នងផ្ទះទៀតបានរងការ ខូចខាត ដោយរបើកដំបូល ដែលខ្លះប្រក់ក្បឿង ប្រក់សង្កសី និងខ្លះទៀត ប្រក់ស៊ីប្រូជាដើម ចំណែកផ្ទះខ្លះទៀតបានរងការខូចខាតរបើកជញ្ជាំង ។ទោះយ៉ាងណាក្នុងហេតុការណ៍នោះបណ្ដាលឱ្យមាននរណារងគ្រោះថ្នាក់នោះឡើយ ។ ចំពោះផ្ទះដែលរងការខូចខាតខាងលើ នៅព្រឹកនេះកម្លាំងអធិការនគរបាលស្រុកទឹកផុស រួមនិងនគរបាលប៉ុស្តិ៍ មូលដ្ឋាន នឹងចុះជួយរុះរើ ជូនពួកគាត់។ដោយឡែក លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា៖ ថ្ងៃស្អែកកាកបាទក្រហមខេត្តកំពង់ឆ្នាំងនឹងចុះសាកសួរសុខទុក្ខ ព្រមទាំងនាំអំណោយមួយចំនួនទៅផ្តល់ជូនគ្រួសាររងគ្រោះខាងលើនោះហើយ៕ សុខ គឹមសៀន