កំពង់ចាម : ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំល្វាលើ រួមដំណើរដោយលោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើ និងជាប្រធានគណបក្សស្រុក នារសៀល ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២២ នេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយគ្រូបង្រៀន និង ក្រុម គ្រូ ពេទ្យ នៅស្នាក់ការគណបក្សឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ។
មានប្រសាសន៍នៅក្នុងពិធីនោះ ឯកឧត្តម សុក ផេង បាននាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះមូលដ្ឋានស្រុកចំការលើ។ ឯកឧត្តម សុក ផេង បានរំលឹកពីអតីតកាល ដែលប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាម។ បច្ចុប្បប្រទេសកម្ពុជាបានទទួលសុខសន្តិភាពពេញលេញ ក៏ដោយសារតែថ្នាក់ដឹកយើងឈ្លាសវៃ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានហ៊ានយកជីវិតធ្វើជាដើមទុន ហើយបាននាំសន្តិភាព ជូនដល់ប្រទេសជាតិនិងប្រជាជនរហូតមកដល់សព្វថ្ងៃនេះ ។ នៅថ្ងៃនេះសូមថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការងារសង្គមរបស់ លោកគ្រូ អ្នកគ្រូពេទ្យ នៅក្នុងបរិបទកូវីដ-១៩ ចាប់តាំងពីចុងឆ្នាំ២០១៩ ដល់បច្ចុប្បន្ន មានការមមាញឹកយ៉ាងខ្លាំង ដូចជាការផ្ដល់សេវាថែទាំ និងព្យាបាលអ្នកជំងឺទូទៅ ក៏ដូចជាអ្នកជំងឺកូវីដ-១៩។ ក្នុងនោះផងដែរគ្រូបង្រៀន ក៏បានរួមចំណែកអប់រំ ណែនាំផ្ដល់នូវចំណេះដឹង ចំណេះធ្វើ និងបណ្ដុះបណ្ដាល ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី។
ជាមួយ គ្នា នោះ ឯកឧត្តម សុក ផេង បញ្ជាក់ថា គណបក្ស ប្រជាជនកម្ពុជា ជាគណបក្សដែលតម្កល់នូវសន្តិភាពជាធំ ហើយបាននាំសេចក្ដីសុខសាន្តរបស់ប្រជាជនទូទៅ ហេីយឯកឧត្តមក៍បានស្នើឲ្យបងប្អូន ប្រជាពលរដ្ឋ រួមគ្នារក្សាការពារសន្តិភាពដែលរកបានដោយលំបាកនេះឲ្យបានគង់វង្ស ផងដែរ ៕





































