កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសេចក្តីសម្រេចប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ។ ពិធីនេះ
ធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ ដោយមានការអញ្ជើញចូលរួម ពីសមាជិក សមាជិកាគណបក្សប្រជាជនខេត្ត/ ស្រុកឃុំក្នុងស្រុកសាមគ្គីគ្រប់លំដាប់ថ្នាក់យ៉ាងច្រើនកុះករ។
ឯកឧត្តមម៉ាត់ម៉ូតអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានអានសេចក្តីសម្រេចលេខ២៧៥៨៤សស.គកចុះថៃ្ងទី២៨ខែសីហាឆ្នាំ២០១៤របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាតែងតាំងលោកកៅហុនជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យជំនួសលោកមូសំបានអតីតប្រធានគណបក្សស្រុកសាមគ្គីមានជ័យត្រូវបានចូលនិវត្តន៍។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តមឈួរច័ន្ទឌឿនប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ការកែសម្រួល និង តែងតាំងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ ក្នុងបំណងពង្រឹងនូវកិច្ចការបម្រើប្រជាពលរដ្ឋ នៅថ្នាក់មូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជាអោយកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនិងអនុវត្តនូវគោលនយោបាយកំណែទំរង់ស៊ីជំរៅលើគ្រប់វិស័យក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ដើម្បីកំណើនការងារសមធម៌និង ប្រសិទ្ធភាពនៅកម្ពុជាដែលឈានទៅសម្រេចអោយបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។
ឯកឧត្តមឈួរច័ន្ទឌឿនក៏បានលើកឡើងទៀតថា៖ទោះបីកន្លងមកបានគណៈបក្សបានសម្រេចនូវការងារជូនប្រជាពលរដ្ឋជាច្រើន និងល្អប្រសើរយ៉ាងណាក្តីសូមលោកប្រធានគណបក្សទើបតែងតាំងថ្មីត្រូវសហការជាមួយក្រុមការងារថ្នាក់ខេត្តថ្នាក់មូលដ្ឋានត្រូវរួមសាមគ្គីគ្នាខិតខំបន្តជួយដោះស្រាយបញ្ហានិងទុក្ខលំបាកជូនប្រជាពលរដ្ឋ និងកសាងភាពរីកចម្រើននៅ តាមមូលដ្ឋានធ្វើអោយជីវភាព ប្រជាពលរដ្ឋកាន់តែធូរធារនិងល្អប្រសើរជាងមុនថែមទៀត។
ដោយលោកប្រធានគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យទើបនិងតែងតាំងថ្មី ត្រូវខិតខំបំពេញមុខងាររបស់ខ្លួន ដើម្បីបម្រើជាប្រយោជន៍ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយបានល្អ កុំអោយមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ កត្តាអាទិភាពគឺត្រូវរួមគ្នាជាមួយថ្នាក់ក្រោមដោះស្រាយបញ្ហាប្រឈមនិងកង្វល់ផ្សេងៗជូនពួកគាត់អោយបានទាន់ពេលវេលា ជាពិសេសត្រូវដោះស្រាយបញ្ហាប្រឈមជាមួយគ្រោះធម្មជាតិនៅក្នុងស្រុកអោយបាមល្អ៕


