ខេត្តស្ទឹងត្រែង៖ វគ្គបណ្តុះបណ្តាលដែលនឹងធ្វើឡើងក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨មីនា ដល់ថ្ងៃទី២៩មីនាឆ្នាំ២០២២ បានធ្វើឡើងក្រោមប្រធានបទ« បណ្តុះបណ្តាល ស្តីពីអភិបាលកិច្ចល្អ និងការផ្តល់សេវាសាធារណៈ ឆ្លើយតបនឹងតម្រូវការយេនឌ័រ» ក្រោមវត្តមាន លោក ជា ថាវរិទ្ធ អភិបាលរងខេត្តស្ទឹងត្រែង ,លោកស្រី គុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ម៉ា និរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ព្រមទាំងសិក្ខាកាមដែលជាមន្ត្រីច្រកចេញចូលតែមួយ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត របស់រដ្ឋបាលខេត្តស្ទឹងត្រែង ផងដែរ ។
អភិបាលរងខេត្តស្ទឹងត្រែង លោក ជា ថាវរិទ្ធ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងមានគោលបំណង ដើម្បីពង្រឹងសម្ព័ន្ធអភិបាលកិច្ច និងការលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវាច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ការលើកកម្ពស់ការឆ្លើយតបទៅនឹងតម្រូវការយេនឌ័រ ក្នុងការផ្តល់សេវាសាធារណៈ និងដើម្បីធ្វើឲ្យមន្ត្រីច្រកចេញចូលតែមួយ បានស្វែងយល់ ស៊ីជម្រៅ បន្ថែមទៀត ទៅនឹងការផ្តល់សេវាដល់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ។
លោក ជា ថាវរិទ្ធ បានថ្លែង ចាត់ទុកវគ្គបណ្តុះបណ្តាលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ស្ត្រី ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត ជំរើស និងការផ្តល់សេវាសាធារណៈ កាន់តែមានគណនេយ្យភាព។ ចំពោះប្រតិបត្តិការផ្តល់សេវាសាធារណៈ ក៏អាស្រ័យលើការចូលរួមរបស់សាធារណៈជនទូទៅ និងការចូលរួមរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក ទាមទាសមត្ថភាពប្រកបដោយវិជ្ជាជីវៈ របស់មន្ត្រីអនុវត្តមនសិការ និងការទទួលខុសត្រូវខ្ពស់។ លោកថា ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងយេនឌ័រនេះសម្រាប់ខេត្តស្ទឹងត្រែង គឺមានការចូលរួមដឹកនាំ និងសម្រេចពីស្ត្រី ក្នុងនោះ ស្រ្តីជាថ្នាក់ដឹកនាំមានចាប់ពីថ្នាក់ឃុំ ស្រុក និងថ្នាក់ខេត្ត។
អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ លោក ម៉ា និរិទ្ធ មានប្រសាសន៍ថា នេះជាសកម្មភាពមួយរបស់គម្រោងសាលា អធិការកិច្ចក្រសួងមហាផ្ទៃ ដោយបានចុះអនុស្សរណៈយោគយល់ ជាមួយអង្គការតម្លាភាពកម្ពុជា កាលពីឆ្នាំ២០១៦ និងឆ្នាំ២០២១ ដែលមានគោលបំណងចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការកសាងសមត្ថភាព សមាសភាពស្ថាប័នថ្នាក់ជាតិ តាមទិសដៅ និងធ្វើការបណ្តុះបណ្តាលបន្ថែម ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អំពី អភិបាលកិច្ចល្អ និងការផ្តល់សេវាធាធារណៈ។
លោក ម៉ា និរិទ្ធ បានបន្តថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់នូវចំណេះដឹង អំពីការផ្តល់សេវាសាធារណៈ ដែលមានលក្ខណៈឆ្លើយតបទៅនឹងតម្រូវការយេនឌ័រ សំដៅចូលរួមលើកកម្ពស់ការផ្តល់សេវា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។
លោក ម៉ា និរិទ្ធ បានក្រើនរំលឹកដល់អ្នកចូលរួមក្នុងវគ្គទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបយកជំណេះវិជ្ជា ជាប្រយោជន៍ ក្នុងការបំពេញភារកិច្ចការងារ និងចូលរួមឲ្យបានផុសផុល ព្រមទាំងលើកជាយោបល់ផ្សេងៗ សំដៅធ្វើយ៉ាងណា លើកកម្ពស់ផ្តល់សេវាសាធារណៈ ពិសេស ខិតខំដោះស្រាយបញ្ហាប្រឈមដែលបានជួបប្រទះ នាបច្ចុប្បន្ន ដើម្បីយកទៅធ្វើការកែលម្អនៅពេលអនាគត៕ដោយ៖ឡុង សំបូរ