កំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២២ នេះ នៅមន្ទីរ័ត៌មានខេត្តកំពង់ឆ្នាំងបេីកវគ្គបណ្តុះបណ្តាលស្តីពីសារព័ត៌ មានសន្តិភាពនិងអហិង្សា រោមកិច្ចសហការជាមួយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់(ACT) មានសិក្ខាកាមចូលរួម ១៥នាក់។
ក្នុងឱកាសបេីកកម្មវិធី លោក ហុឹង ចូច អនុប្រធានមន្ទីរ័ត៌មានខេត្ត បានលើកទ្បើងថាវគ្គបណ្តុះបណ្តាលស្តីពីសារព័ត៌មានសន្តិភាពនិងអហិង្សា ដែលរៀប
ចំធ្វើនៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ចំនួនពីរថ្ងៃគឺថ្ងៃ ២៩, ៣០ ខែមីនា ឆ្នាំ ២០២២ ក្រោមកិច្ចសហការជាមួយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់(ACT) មានសិក្ខាកាមចូលរួម ១៥នាក់។
លោកបន្ថែមថាវគ្គបណ្តុះបណ្តាលនេះផ្តល់ឱកាសអោយអ្នកសារព័ត៌មានបានសិក្សាស្វែងយល់លើជំនាញសរសេរព័ត៌មានបែបសន្តិភាពនិងអហិង្សាសម្រាប់ប្រើប្រាស់ដោយការទទួលខុសត្រូវនិងមានក្រមសីលធម៌ ក៏ជាការតម្រង់ទិសផ្នែកសរសេរព័ត៌មាន យល់ដឹងបានទូលំទូលាយដើម្បីជាស្ពាននាំសារទុកចិត្តបាន រវាងប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល។
លោក ហុឹង ចូច បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវសិក្សាស្វែងយល់អំពីចំណេះដឹងរបៀបសរសេរព័ត៌មានបែបសន្តិភាពនិងអហិង្សា ដើម្បីបង្កើតសន្តិភាពពិតប្រាកដ។
កញ្ញា ស្រី សុធាវី នាយិកាអង្គការ ACT បានឱ្យដឹងថា ACT គឺជាអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកដែលមិនរកប្រាក់កម្រៃ មិនមាននិន្នាការនយោបាយ ឬចរិតសាសនាណាមួយឡើយ ដែលបង្កើតទ្បើងដើម្បីផ្តល់ជំនាញ និងចំណេះដឹង ក្នុងវិស័យនៃការដោះស្រាយទំនាស់ ការបំប្លែងទំនាស់ និងការកសាងសន្តិភាព ផ្តោតជាសំខាន់លើការកសាង និងការពង្រឹងសមត្ថភាពផ្នែកសន្តិភាព ដោយយកការវិភាគស្ថានភាពនាពេលបច្ចុប្បន្ន ក្នុងការស្វែងរកសកម្មភាពជាយុទ្ធសាស្រ្ត ដើម្បីឆ្លើយតបនឹងបញ្ហាទំនាស់ បង្កើនផលសម្រេចបានដល់កម្រិតអតិបរមាឆ្ពោះទៅរកសន្តិភាពនិងការអភិវឌ្ឍចីរភាព។សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឲ្យអ្នកចូលរួមបានយល់ដឹងអំពីសន្តិភាព, ទំនាស់ អំពើហិង្សា ,ប្រព័ន្ធផ្សព្វផ្សាយដើម្បីសន្តិភាព និងព័ត៌មានហិង្សា , មូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ,យល់ដឹងអំពីក្រមសីលធម៌វិជ្ជាជីវៈ, អ្នកសារព័ត៌មាននិងច្បាប់សារព័ត៌មាន , ព្រមទាំងចែករំលែកចំណេះដឹងបន្ត ,ការបង្កើតបណ្តាញ និងរៀបចំផែនការសកម្មភាពផ្សព្វផ្សាយផងដែរ៕ សុខ គឹមសៀន





































