បើកការដ្ឋានសាងសង់ផ្លូវលេខ 1KEP7 (1333A)ប្រវែងសរុប ៣៥០០ ម៉ែត្រ ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹកស្រុកដំណាក់ចង្អើរ ខេត្តកែប

0

ខេត្តកែប៖ផ្លូវលេខ1KEP7(1333A)ប្រវែង៣៥០០ម៉ែត្រ ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត។

តាមរបាយការណ៍របស់លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែប បានឲ្យដឹងថា ផ្លូវលេខ 1KEP7(អតីតផ្លូវលេខ 1333A)មានប្រវែងសរុប ៣៧៥០ម៉ែត្រ ដោយបំបែកចេញពីផ្លូវលេខ 1333A ត្រង់ PK4+136 រហូតដល់ផ្លូវលេខ១៣៣៥ ត្រង់គ.ម1+950 ស្ថិតភូមិអន្ទង់សឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ផ្លូវនេះចែកជាពីរផ្នែក គឺ៖
ទី១-តាមរយៈឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា គឺរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុនបានប្រើជំនួយឥតសំណងនៃគម្រោង គូសាណូណិ ដោយចាក់ដីល្បាយថ្មប្រវែង ២៥០ ម៉ែត្រ ទទឹង៧ ម៉ែត្រ លូប្រអប់ ១កន្លែង ប្រវែង ៣ ម៉ែត្រទទឹង ៧ម៉ែត្រ និងលូកាត់ផ្លូវអង្កត់ផ្ចិត ១ម៉ែត្រ១ជួរប្រវែង ១០ម៉ែត្រចំនួន២កន្លែងចន្លោះគ.ម3+050 គ.ម3+ 300 (លើខ្នងទំនប់) ជាលទ្ធផលសម្រេចបាន ១០០% នៃគម្រោងការងារ។

ទី២-ផ្លូវដែលនៅសល់ប្រវែង ៣៥០០ ម៉ែត្រទទឹង ១០ម៉ែត្រ ចន្លោះគ.ម0+ 00-គ.ម3+050 នឹងគ.ម3+300-គ.ម3+750 ក្នុងគម្រោងដែលយើងកំពុងប្រារព្ធធ្វើពិធីបើកការដ្ឋាននៅខណៈនេះគឺជាគម្រោងដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់ជូនខេត្តកែបតាមរយៈ MPWT&MEFនិងរដ្ឋបាលខេត្ត ដោយត្រូវពង្រីក និងលើក កម្ពស់តួនាទីថ្នល់រួចចាក់ក្រាលដីល្បាយថ្ម។ ខ្សែផ្លូវខាងលើជាផ្នែកមួយយ៉ាងសំខាន់ដែលមានភាពប្រទាក់ក្រឡាគ្នា ជាពិសេស ជាការតភ្ជាប់សៀគ្វីទេសចរពីតំបន់នានាមកកាន់តំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ និងជាតំបន់កសិឧស្សាហកម្មដ៏មានសក្តានុពល។

ជាមួយនេះក៏បានជួយពង្រីកដល់មុខព្រួញវិស័យដទៃទៀតក្នុងការរួមចំណែកអភិវឌ្ឍខេត្ត និងបង្កើតមុខរបរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យមានជីវភាពកាន់តែធូរធាឆ្លងផុតពីបន្ទាត់ភាពក្រីក្រ។តាមគម្រោងការងារនេះនិងប្រើប្រាស់រយ:ពេលសាងសង់ចំនួន ១២ខែហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែធ្នូឆ្នាំ ២០២២។

លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថា សមិទ្ធផលខាងលើគឺកើតចេញពីគោលនយោបាយ ឈ្នះ!ឈ្នះ! របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនិងដឹកនាំអនុវត្តន៍ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់ ហើយបាននាំ មកនូវសន្តិភាពពេញលេញការឯកភាពជាតិស្ថិរភាពនយោបាយសន្តិសុខ សណ្ដាប់ធ្នាប់សង្គមលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងរក្សាបានទាំងស្រុងនូវអធិបតេយ្យ និងបូរណភាពទឹកដី។ក្នុងឱកាសនោះ ឯកឧត្តមក៏បានដាក់ចេញនូវអនុសាសន៍មួយចំនួនសម្រាប់យកទៅអនុវត្ត
១-សូមឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយសាលាស្រុកដំណាក់ចង្អើរ រៀបចំកែលំអសោភ័ណភាព សុវត្ថិភាពត្រង់ផ្លូវបំបែកចូលផ្លូវខេត្តលេខ១៣៣៥។

២-សូមឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្តជួសជុល កំណាត់ផ្លូវលេខ ១៣៣៣ឲ្យបានរួចរាល់ជាស្ថាពរ។
៣- សូមឱ្យសាលាស្រុកដំណាក់ចង្អើរ បន្តរៀបចំរូបសំណាក់សម្រាប់ដំឡើង នៅផ្លូវចូល (ផ្លូវខេត្តលេខ1335 បំបែកពីផ្លូវជាតិលេខ33A)។
៤-ក្រោយពីបញ្ចប់ ការស្ថាបនាផ្លូវនេះរួចរាល់ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមប្រើប្រាស់និងថែរក្សាឲ្យបានគង់វង្សល្អប្រសើរ។ជាចុងក្រោយ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឲ្យបន្តសហការគ្នាផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈ ការចូលរួមចាក់វ៉ាក់សាំង ដូសទី ២និងទី៣ដែលដូសជំរុញឲ្យបានគ្រប់គ្នាដើម្បីបង្កើតភាពស៊ាំនឹងនៅតែបន្ត អនុវត្តវិធានការ ៣កុំនិង៣ ការពារឲ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ឈប់វត្តមានជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជាយើង៕ សេង ណារិទ្ធ