កំពង់ឆ្នាំង៖ស្ត្រីម្នាក់មានកូនបីនាក់ និងប្ដីជាជនពិការគមខ្នង បានលង់ទឹកស្រះមុខផ្ទះស្លាប់គ្មានអ្នកណាដឹង នៅពេលដែលគាត់បានចុះទៅដាក់លាន់អន្ទង់។គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៦និង៣៥នាទីព្រឹកថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០១៤ នៅក្នុងភូមិត្រពាំងពោធិ ឃុំខុនរ៉ង ស្រុកបរិបូណ៍។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ស្ត្រីរងគ្រោះមានឈ្មោះ វណ្ណ អនអាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើគាត់មានមុខរបរជាអ្នកដាក់លាន់អន្ទង់ដើម្បីរកប្រាក់ដោះជីវភាពដ៍ក្រីក្រប្រចាំថ្ងៃ រូបគាត់មានប្តីឈ្មោះ ឡេង ឡាន អាយុ៣៨ឆ្នាំជាជនពិការគមខ្នងធ្វើការធ្ងន់ៗមិនកើត និងមានកូនចំនួន៣នាក់។
នៅល្ងាចថ្ងៃកើតហេតុស្ត្រីរងគ្រោះបានយកលាន់អន្ទង់ដាក់រាយតាមមាត់ស្រះ ខណះនោះបានរអិលជើងធ្លាក់ចូលក្នុងអន្លង់ទឹកជ្រៅ ក្នុងស្រះគ្មានអ្នកណាដឹងហើ់យក៍បានលង់ទឹកស្លាប់តែម្តង។ក្រោយមកជាច្រើនម៉ោងពេលបាត់ប្រពន្ធដែលបានចុះក្នុងស្រះដាក់លាន់អន្ទង់យូរ និងដោយមានការសង្ស័យបុរសជាប្តីក៏បានហៅអ្នកស្រុកក្នុងភូមិអោយជួយមុជរាវរកក្នុងទឹកស្រះ មួយសន្ទុះធំរួចមកអ្នកស្រុកក៍បានរាវរកឃើញសពស្ត្រីរងគ្រោះនៅក្នុងបាតស្រះ ហើយបាននាំគ្នាលើកសពយកមកតំកល់ទុកនៅក្នុងលំនៅដ្ឋាន។
នៅក្នុងករណីគ្រោះថ្នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅធ្វើកោសលវិច្ច័យសាកសពជាមួយអាជ្ញាធរមូលដ្ឋាន ហើយបានសន្និដ្ឋានថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសាររអិលជើងចូលក្នុងស្រះលង់ទឹកស្លាប់ប្រាកដមែន។ សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទានតាមប្រពៃណី។
នៅក្នុងពិធីបុណ្យសពនេះដែរ ក្រុមគ្រួសារសពជាជនពិការនិងក្រីក្រពុំមានប្រាក់ធ្វើបុណ្យទានអោយសពឡើយ ប៉ុន្តែត្រូវបានអ្នកស្រុកក្នុងភូមិដើររៃអង្គាស់ប្រាក់គ្នានៅក្នុងមូលដ្ឋានយកមកជួយធ្វើបុណ្យសពទៅតាមប្រពៃណីខ្មែរ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសំណូមពរដល់សប្បុរសជនជិតឆ្ងាយ ដែលមានក្តីអាណិតអាសូរដល់ជនក្រីក្រនិងជនពិការ មេត្តាជួយឧបត្ថម្ភជាថវិកាឬសម្ភារះជូនក្រុមគ្រួសារក្រីក្រខាងលើនេះដោយក្តីអនុគ្រោះ៕ Bun rithy




































