រដ្ឋធានីគៀវ៖បើយោងតាមរបាយការណ៍របស់សារព័ត៌មាន ALJAZEERA បានចេញផ្សាយថា អភិបាលក្នុងតំបន់ បាននិយាយថា អ៊ុយក្រែន បានបើកការវាយប្រហារលើឃ្លាំងស្តុកប្រេងមួយកន្លែង នៅក្នុងទីក្រុង Belgorod របស់រុស្ស៊ី ដែលស្ថិតនៅជាប់ព្រំដែនភាគខាងជើងនៃទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ។
មន្ត្រីរុស្ស៊ីលោក Vyacheslav Gladkov បាននិយាយថា ឧទ្ធម្ភាគចក្រអ៊ុយក្រែន ២ គ្រឿងបានធ្វើការវាយប្រហារ ទីតាំងស្តុកប្រេងក្នុងទីក្រុង Belgorod របស់រុស្ស៊ី នៅថ្ងៃសុក្រទី០១ខែមេសានេះ បន្ទាប់ពីហោះឆ្លងកាត់ព្រំដែនក្នុងរយៈកម្ពស់ទាប។
លោក Gladkov បន្ថែមថា គ្រោះអគ្គិភ័យជាលទ្ធផលបានបណ្តាលឲ្យកម្មករពីរនាក់រងរបួស ខណៈមនុស្សក្នុងតំបន់មួយចំនួននៅទីក្រុង ដែលមានទីតាំងជិតព្រំដែនអ៊ុយក្រែនមួយនេះ កំពុងត្រូវបានជម្លៀសចេញ។
វីដេអូចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីការវាយប្រហារ ដែលកើតឡើងនៅម៉ោង៥និង៤៣នាទីព្រឹក (ម៉ោងក្នុងស្រុក) បន្ទាប់មក ឧទ្ធម្ភាគចក្របានហោះចេញពីភ្លើង។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ុយក្រែន មិនទាន់បញ្ជាក់ពីឧបទ្ទវហេតុនេះទេ។
ទីក្រុងរុស្ស៊ីដែលមានប្រជាជន ៣៦៩ ០០០នាក់មួយនេះ គឺស្ថិតនៅចម្ងាយជាង៤០គីឡូម៉ែត្រពីព្រំដែនជាមួយអ៊ុយក្រែន និងជាង ៨០គីឡូម៉ែត្រពីទីក្រុង Kharkiv ភាគខាងកើតប្រទេស អ៊ុយក្រែន។
គួរបញ្ជាក់ថា ការវាយប្រហារដោយឧទ្ធម្ភាគចក្រនៅព្រឹកព្រលឹមថ្ងៃសុក្រនេះ គឺជាការវាយប្រហារលើកទីពីររបស់អ៊ុយក្រែន លើទឹកដីរុស្ស៊ី ចាប់តាំងពីសង្គ្រាមផ្ទុះឡើង បន្ទាប់ពីមូលដ្ឋានទ័ពអាកាស Millerovo ត្រូវបានវាយប្រហារកាលពីចុងខែកុម្ភៈ កន្លងមកនេះ៕