កំពង់ធំ=ឈើគ្រញូងត្រូវបានជនល្មើសលួចបន្លំដឹកជញ្ចូនតាមរថយន្ដម៉ាកវីកូពណ៍ត្រេអ៊ីពាក់ផ្លាកលេខខេមរភូមិន្ទដែលជាពណ៍រថយន្ដសំរាប់ប្រើប្រាស់អង្គភាពយោធាមកបន្លំដឹកជញ្ចូនឈើគ្រញូងនិងជួញដូរយ៉ាងអាណាធិតេយ្យ ការដឹកជញ្ចូននេះត្រូវបានជាប់អន្ទាក់សមត្ថកិច្ច ដឹកនាំដោយ លោក អ៊ិតសុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ មន្ដ្រីជំនាញរដ្នបាលព្រៃឈើ ព្រមទាំងសមត្ថកិច្ចចំរុះជាច្រើនទៀតកាលពីវេលាម៉ោង១០,១៥នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤។
លោកអ៊ិត សុធា បានអោយដឹងថា លោកបានទទួលពណ៍មានពីសមត្ថកិច្ចថា មានរថយន្ដ វីកូ ពណ៍ត្រេអ៊ីមួយគ្រឿងពាក់ផ្លាកលេខខេមរភូមិន្ទ ដឹកឈើគ្រញូងចេញពីខេត្តព្រះវិហារ បំរុងឆ្លងកាត់ខេត្តកំពង់ធំ ឆ្ពោះទៅខេត្តកំពង់ចាម បន្ដទៅលក់នៅឯប្រទេសវៀតណាម លោកក៏បានបញ្ចាអោយសមត្ថកិច្ចឃាតរថយន្ដនោះ តែដោយសារមានរថយន្ដការីហើមមួយគ្រឿងជារថយន្ដអ្នកកាសែត ដេញបិតគូទពីក្រោយរថយន្ដដឹកបទល្មើស ធ្វើឲ្យសមត្ថកិច្ចយើងឃាតពុំបាន ទើបលោកបញ្ចាអោយ
សមត្ថកិច្ចនៅខាងមុខស្ទាក់ចាប់តែម្ដង ពេលនោះជនល្មើសរត់ចុះពីរថយន្ដពណ៍ត្រេអ៊ី ទៅឡើងរថយន្ដកាមរីហើម លោកក៏បញ្ចាអោយចាប់ឃាតទាំង២រថយន្ដតែម្ដង ហើយបញ្ចូនមកផ្នែករដ្នបាលព្រៃឈើស្ទោងដើម្បីធ្វើការវាស់វែងចំនួនឈើ ក្រោយមក ធ្វើការឆែកឆេ រថយន្ដកាមរី ឃើញមានសំបកឈើក្រញូងទើបសនិដ្ថានថាជាបក្សពួកតែមួយ ។
ជនល្មើសឈ្មោះចន្ថា ភេទប្រុស អាយុ២៨ឆ្នាំ និងប្រពន្ធឈ្មោះទឹម សុភាព អាយុ២០ឆ្នាំ ទាំង២នាក់ប្ដីប្រពន្ធរស់នៅភូមិ ចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំសាន្ដ ខេត្តព្រះវិហារ បានបើកបររថយន្ដពណ៍ត្រេអ៊ីដឹកបទល្មើស ដែលពាក់ផ្លាកលេខ ខេមរភូមិន្ទ ២.៧៨០៧ និងអ្នកកាសែត២នាក់ឈ្មោះ សួនក្រែន និង យឹមសុផល អ្នកសាពត័មាន ជាអ្នកបើកបររថយន្ដកាមរី
ហើម ពណ៍សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ2 i 0735 បិតគូទរៀរាំងសមត្ថកិច្ចមិនអោយធ្វើការឃាតរថយន្ដបាន ទាំង២នាក់រស់នៅភូមិ ត្រពាំងស្នែង ឃុំតាភេន ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយពីរបានរាប់ចំនួនឈើរួចឃើញមានឈើគ្រញូង២៨ដុំស្មើរ ឈើទាំងអស់រក្សាទុកនៅរដ្នបាលព្រៃឈើស្ទោង ឯមនុស្សទាំង៤នាក់កសាងសំនុំរឿងបញ្ចូនទៅតុលាកា ចាត់ការទៅតាមច្បាប់៕ ខេមរាដេលី