កំពង់ចាម: ក្នុងពិធីប្រកាសទទួលស្គាល់យុវជន ជាសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងជម្រុញដល់គណបក្សមូលដ្ឋានឲ្យបន្តសហការជាមួយក្រុមការងារគណបក្សគ្រប់យន្តការក្នុងនាមជាកម្លាំងសរុបរបស់បក្ស ត្រូវខិតខំបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អជាប់ជាប្រចាំ និងអស់លទ្ធភាព ដោយកំណត់អាយុជីវិត និងជីវភាពរបស់ពលរដ្ឋជាកត្តាអាទិភាពចម្បង, បន្តចូលរួមអភិវឌ្ឍប្រទេសជាតិ និងលើកតម្កើងសិទ្ធិសេរីភាពប្រជាពលរដ្ឋ ព្រមទាំងបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពដើម្បីនិន្តរភាពជាតិផងដែរ ។
ក្នុងពិធីនោះដែរ ឯកឧត្ដម ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងសង្គមប្រជាធិបតេយ្យកម្ពុជា យើងមានគណបក្សនយោបាយច្រើន ដោយក្នុងនេះមហាគ្រួសារគណបក្សប្រជាជនកម្ពុជា គឺជាគ្រួសារធំជាងគេ ដែលមានសមាជិកជាយុវជនជាង ៣ លាននាក់នៅទូទាំងប្រទេស។ សំខាន់ជាងនេះ គឺយើងជាគ្រួសារ ដែលមានគុណបំណាច់ និងស្នាដៃយ៉ាងធំធេងនៅក្នុងការបម្រើ និងការពារជាតិ និងប្រជាជន ដោយស្មោះត្រង់ និងដោយគ្មានការបែងចែករើសអើង។ ជាក់ស្តែង ថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រួសារមួយនេះ បានចូលរួមនៅក្នុងបុព្វហេតុជាតិជាច្រើនទៅតាមដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រ ជាអាទិ៍ ការរំដោះប្រជាពលរដ្ឋចេញពីរបបប៉ុលពត, ការសម្រេចបាននូវសុខសន្តិភាពពេញលេញជូនជាតិតាមរយៈនយោបាយឈ្នះឈ្នះ ហើយក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ គឺអាយុជីវិតប្រជាជនខ្មែររាប់លាននាក់ ត្រូវបានសង្គ្រោះ និងការពារឲ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩។
ឯកឧត្តមបានបន្តថា យេីងពិតជាមានមោទនភាពចំពោះមហាគ្រួសារមួយនេះ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដូច្នេះសូមបងប្អូនបន្តចូលរួមជួយសង្គម ជួយសហគមន៍ ជួយគ្រួសារ ទោះជាក្នុងលក្ខណៈបុគ្គលក្តី ឬជាក្រុមក្តី ព្រោះគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សកាន់អំណាច ដែលសំដៅដល់ការទទួលនូវអម្រែកភារកិច្ចបម្រើប្រជាពលរដ្ឋ។
ជាមួយគ្នានោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ នៅក្រោមការខិតខំប្រឹងប្រែង និងបូជាលះបង់របស់មន្ត្រីបក្សជាច្រើនជំនាន់ គឺគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ និងសមិទ្ធផលយ៉ាងធំធេងលើការដឹកនាំនាវាកម្ពុជាមកដល់ចំណុចនេះ។ តទៅមុខទៀត គណបក្សមួយនេះ នឹងកាន់តែរឹមាំ និងមានសមាជិកកាន់តែច្រើនបន្ថែមទៀត ដែលទាំងនេះគឺជាកម្លាំងចិត្តដ៏មានថាមពលសម្រាប់ការបន្តបំពេញតួនាទី និងភារកិច្ចរបស់យើង។ ហើយក៏សូមស្វាគមន៍ និងអបអរសាទរចំពោះការចូលរួមរបស់យុវជន យុវនារី ជាសមាជិកថ្មីនៅក្នុងមហាគ្រួសារដ៏កក់ក្តៅនៃគណបក្សប្រជាជនកម្ពុជាផងដែរ ៕