កំពង់ឆ្នាំង៖ស្ត្រីជាប្រពន្ធម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារប្តីទី២យកកាំបិតបុ័ងតោកាប់ចំក្បាលនិងដៃជាច្រើនកាំបិត ព្រោះតែខឹងនិងនាងវាយប្រដៅកូនប្តីមុនតិចតួច។អំពើហឹង្សានៅក្នុងគ្រួសារដោយចេតនាដ៏ធ្ងន់ធ្ងរនេះ បានកើតឡើងនៅវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី០៨ ខែ
កញ្ញា ឆ្នាំ២០១៤ នៅក្នុងផ្ទះជួលមួយកន្លែងស្តិតនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ស្ត្រីឈ្មោះ ឈិន សារឿន អាយុ៧៣ឆ្នាំ ជាម្តាយបង្កើតស្ត្រីរងគ្រោះរស់នៅជាមួយគ្នាក្នុងផ្ទះជួលនៅក្នុងកន្លែងកើតហេតុខាងលើ បាននិយាយអោយអ្នកយកព័ត៌មានយើងដឹងថា៖កូនស្រីរបស់គាត់ឈ្មោះ ជុក សារិន អាយុ២៦ឆ្នាំមានមុខរបរដើរបោកគក់ខោអាវនិងដុសលាងចានឆ្នាំងតាមផ្ទះអោយគេ នាងមានកូនជាមួយប្តីមុន២នាក់ ប្តីទី២របស់នាងជាជនដៃដល់ឈ្មោះ ម៉ក់ ឈុនលី អាយុ២៩ឆ្នាំមុខរបរជាកម្មករលីសែងនៅកំពង់ផែផ្សារក្រោម ពួកគេបានគ្នាជាប្តីប្រពន្ធជិត២ឆ្នាំមកហើយ។
មុនពេលកើតហេតុ កូនប្រុសរបស់នាងម្នាក់អាយុ៤ឆ្នាំ បានទៅឆក់យកស្លាបព្រា ពីកូនអ្នកជិតខាងម្នាក់ដែលកំពុងហូបបាយនៅបន្ទប់ជួលជិតគ្នា ពេលនាងឃើញកូននាងធ្វើបែបនេះនាងក៏បានចាប់កូនមកវាយប្រដៅតិចតូច ឃើញដូច្នេះប្តីនាងកំពុងស្រវឹងបានខឹងក៏បានទាញយកកាំបិតបុ័ងតោ មកកាប់ចំក្បាលនាងចំដៃពេលនាងរងកាំបិត រយះក្បាលនិងដៃជាច្រើនកន្លែងហូរឈាមជោគខ្លួនរបួសយា់ងធ្ងន់ធ្ងរនិងសន្លប់។
ក្រោយពេលកើតហេតុជនដៃដល់ជាប្តីបានរត់គេចខ្លួនបាត់ សមត្ថកិច្ចជាច្រើននាក់់បាននាំគ្នាស្វែងរកចាប់ខ្លួនគេពេញក្រុងកំពង់ឆ្នាំងតែរកមិនឃើញ។ ចំណែកស្ត្រីរងគ្រោះត្រូវបានអ្នកជិតខាងនិងម្តាយដឹកបញ្ជូនរូបនាង មកកាន់មន្ទីរពេទ្យខេត្ត ដើម្បីអោយក្រុមគ្រូពេទ្យជួយសង្គ្រោះព្យាបាល។នៅក្នុងបន្ទប់លាងនិងរុំរបួស លោកនិងអ្នកគ្រូពេទ្យបាននិយាយថា ស្ត្រីរងគ្រោះមានរបួសធ្ងន់ធ្ងរជាច្រើនកន្លែង នៅលើក្បាលនិងលើដៃ នាងមានអាការៈសន្លប់រវើរវាយប្រហែលជារបួសលើក្បាលនាងប៉ះពាល់សរសៃប្រសាទ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ រឿងនេះសមត្ថកិច្ចនឹងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ បញ្ជូនទៅតុលាការខេត្តដើម្បីសុំដីកាស្វែងរកចាប់ខ្លួនជនដៃដល់អោយបាន យកមកផ្តន្ទាទោសគេអោយបានធ្ងន់ធ្ងរតាមបញ្ញាតិ្តច្បាប់ ដើម្បីជាគំរូកុំអោយបុរសជាប្តីផ្សេងទៀតយកតម្រាប់តាម៕

