សភាអុីរ៉ាក់កាលពីថ្ងៃទី៨ កញ្ញា បានអនុម័តលើសមាសភាពរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោកហៃអុីដាអាល់អាបាឌី ក៏បុ៉ន្តែអ្នកកាន់តំណែងរដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីការពារប្រទេសពុំត្រូវបានសភាអនុម័តឡើយ ។ នេះជាការសម្រេចដ៏សំខាន់មួយរបស់សភាអុីរ៉ាក់ដើម្បីអនាគតរបស់ ប្រទេសដែលគំរាមកំហែងដោយសារការវាយលុកយ៉ាងខ្លាំងរបស់ពួកជីហាដ និយមនៃក្រុមរដ្ឋ អ៊ិស្លាម ។
នាយករដ្ឋមន្ត្រីថ្មីអុីរ៉ាក់បានស្នើដល់សភា ឱ្យទុកពេល១សប្តាហ៍ដើម្បីជ្រើសតាំងតំណែងទាំងពីរនោះដែលនៅទំនេរ ។ ទន្ទឹមនឹងនេះ គឺរូបលោកផ្ទាល់ដែលនឹងកាន់តំណែងទាំង២នោះបណ្តោះអាសន្នសិន ។ ជាអ្នកឡើងបន្តតំណែងពីលោកនូវីអាល់ម៉ាលីគី លោកហៃអុីដាអាល់បាឌី ត្រូវបានជ្រើសតាំងកាលពីថ្ងៃទី១១ សីហា កន្លងមកនេះជានាយករដ្ឋមន្ត្រីដែលត្រូវបង្កើតរដ្ឋាភិបាលថ្មីមួយ ពេលកំពុងមានការវាយលុកពេញបន្ទុករបស់ពួកជីហាដនិយមនៃក្រុមរដ្ឋ អ៊ិស្លាម ។
សហគមន៍អន្តរជាតិដែលបុ៉នប៉ងជួយអុីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងពួករដ្ឋអ៊ិស្លាមទាមទារឱ្យប្រទេសនេះ មានរដ្ឋាភិបាលដែលប្រមូលផ្តុំរាល់កម្លាំងនយោបាយរបស់ប្រទេស ក្រោយពីចោទប្រកាន់លោកនូវីអាល់ម៉ាលីគីថា សម្រួលដល់ការវាយលុករបស់ពួកជីហាដនិយមដោយសារនយោបាយផ្តាច់ការ និងប្រឆាំងសហគមន៍ស៊ុននីតរបស់លោក ៕