កំពង់ឆ្នាំង៖ បុរសម្នាក់បានយកកាំបិតបុ័ងតោកាប់ចំក្បាលនិងដៃរបស់ប្រពន្ឋជាច្រើនកាំបិត រងរបួសយ៉ាងធ្ងន់ធ្ងរ ព្រោះតែខឹងនិងនាងវាយប្រដៅកូនប្តីមុនតិចតួច។អំពើហឹង្សាដោយ ចេតនាដ៏ធ្ងន់ធ្ងរនេះ បានកើតឡើងនៅវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ នៅក្នុងផ្ទះជួលមួយកន្លែងស្តិតនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ប្រភពពីស្ត្រីឈ្មោះ ឈិន សារឿន អាយុ៧៣ឆ្នាំ ជាម្តាយបង្កើតស្ត្រីរងគ្រោះរស់នៅជាមួយគ្នាក្នុងផ្ទះជួលនៅក្នុងកន្លែងកើតហេតុខាងលើ បាននិយាយអោយដឹងថា៖កូនស្រីរបស់គាត់ឈ្មោះ ជុក សារិន អាយុ២៦ឆ្នាំមានមុខរបរដើរបោកគក់ខោអាវនិងដុសលាងចានឆ្នាំងតាមផ្ទះអោយគេ នាងមានកូនជាមួយប្តីមុន២នាក់ ប្តីទី២របស់នាងជាជនដៃដល់ឈ្មោះ ម៉ក់ ឈុនលី អាយុ២៩ឆ្នាំមុខរបរជាកម្មករលីសែងនៅកំពង់ផែផ្សារក្រោម ពួកគេបានគ្នាជាប្តីប្រពន្ធជិត២ឆ្នាំមកហើយ។
មុនពេលកើតហេតុ កូនប្រុសរបស់នាងម្នាក់អាយុ៤ឆ្នាំ បានទៅឆក់យកស្លាបព្រា ពីកូនអ្នកជិតខាងម្នាក់ដែលកំពុងហូបបាយនៅបន្ទប់ជួលជិតគ្នា ពេលនាងឃើញកូននាងធ្វើបែបនេះនាងក៏បានចាប់កូនមកវាយប្រដៅតិចតូច ឃើញដូច្នេះប្តីនាងកំពុងស្រវឹងបានខឹងក៏បានទាញយកកាំបិតបុ័ងតោ មកកាប់ចំក្បាលនាងចំដៃពេលនាងរងកាំបិត រយះក្បាលនិងដៃជាច្រើនកន្លែងហូរឈាមជោគខ្លួនរបួសយ៉ាងធ្ងន់ធ្ងរនិងសន្លប់។ ក្រោយពេលកើតហេតុជនដៃដល់ជាប្តីបានរត់គេចខ្លួនបាត់ សមត្ថកិច្ចជាច្រើននាក់់ បាននាំគ្នាស្វែងរកចាប់ខ្លួនគេពេញក្រុងកំពង់ឆ្នាំងតែរកមិនឃើញ។
ចំណែកស្ត្រីរងគ្រោះ ត្រូវបានអ្នកជិតខាងនិងម្តាយដឹកបញ្ជូនរូបនាង មកកាន់មន្ទីរពេទ្យខេត្ត ដើម្បីអោយក្រុមគ្រូ ពេទ្យជួយសង្គ្រោះព្យាបាលនៅក្នុងបន្ទប់លាងនិងរុំរបួស លោកនិងអ្នកគ្រូពេទ្យបាននិ យាយថា ស្ត្រីរងគ្រោះមានរបួសធ្ងន់ធ្ងរជាច្រើនកន្លែង នៅលើក្បាលនិងលើដៃ នាងមាន អាការៈសន្លប់រវើរវាយប្រហែលជារបួសលើក្បាលនាងប៉ះពាល់សរសៃប្រសាទ។ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ រឿងនេះសមត្ថកិច្ចនឹងកសាង សំណុំរឿងតាមនិតិវិធីច្បាប់ បញ្ជូនទៅតុលាការខេត្តដើម្បីសុំដីកាស្វែងរកចាប់ខ្លួនជនដៃដល់អោយបាន យកមកផ្តន្ទាទោសគេអោយបានធ្ងន់ធ្ងរតាមបញ្ញាតិ្តច្បាប់ ដើម្បីជាគំរូកុំអោយបុរសជាប្តីផ្សេងទៀតយកតម្រាប់តាម៕ សីលា