សមត្ថកិច្ចខេត្តបាត់ដំបងចុះស្រាវជ្រាវបន្ទាន់លើករណីជនមិនស្គាល់មុខបាចវីសរាយប៉ាយលើដងផ្លូវជាតិលេខ៥បង្កឲ្យមុតកង់រថយន្តអ្នកធ្វើដំណើរ

0

ខេត្តបាត់ដំបង ÷ បន្ទាប់ពីអ្នកបើកបររថយន្តដែលរងគ្រោះដោយសារតែ ដែកគោលវីស រាយប៉ាយលើដងផ្លូវជាតិលេខ៥ បានបង្ហោះសារ លើបណ្តាញ សង្គម បង្ហាញពីការមុតកង់ឡានរបស់ខ្លួនយ៉ាងសុះនោះ ស្នងការ នគបាលខេត្តបាត់ដំបង បានចាត់ កម្លាំងអធិការស្រុក អោយចុះ ស្រាវជ្រាវជាបន្ទាន់លើករណីនេះ នាថ្ងៃទី ២០ខែមេសា២០២២។

ឆ្លងតាមរយៈលទ្ធផលនៃការស្រាវជ្រាវនេះ សមត្ថកិច្ចនគរបាលស្រុកបានពិនិត្យនិងរកឃើញ នៅតាមដងផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ 262-263 ក្នុងភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី បានរកឃើញ វីសដែកសរុបចំនួន៩៣គ្រាប់ (វីសពណ៌សចំនួន ៦៧ គ្រាប់ និង វីសពណ៌ក្រហម ចំនួន២៦គ្រាប់) ដែលនៅរាយប៉ាយលើផ្លូវជាតិ និងលើចិញ្ចើមផ្លូវ។

តាមការពិនិត្យជាក់ស្តែង វីសទាំងអស់នេះ គឺមានស្ថានភាពដែកវីសថ្មី អាចជាករណីដែលអ្នកធ្វើដំណើរជ្រុះធ្លាក់ នៅទីនោះ ឬក៏អាចជាចេតនារបស់ជនណាមួយបោះចោលរាយប៉ាយ ដើម្បីនាំបង្កឱ្យមានការមុតធ្លាយមធ្យោ បាយធ្វើដំណើរឆ្លងកាត់ចំណុចនេះ ក្នុងគោលបំណងណាមួយ។

ទាក់ទងករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកការពិត ប្រសិនបើរកឃើញថា ករណីនេះ ជាចេតនាទុច្ចរិតរបស់ជនណាមួយនោះ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ចំពោះសកម្មភាព បែបនេះលើជននោះមិនលើកលែង ។

សូមបញ្ជាក់ថាម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Loeum To បានបង្ហោះលើគណនីយរបស់ ខ្លួននាព្រឹកថ្ងៃទី២០មេសា ដោយ ភ្ជាប់រូបភាពដែកវីសជាប់លើកង់ឡានរបស់ខ្លួនផងដោយសរសេរថា ៖ សូមបងប្អូនប្រុងប្រយ័ត្នក្នុងការធ្វើដំណើរពេលយប់នៅលើផ្លូវជាតិលេខ៥នៅចន្លោះភូមិព្រៃតូច និង ភូមិកូនខ្លុង ក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីតំរៀបក្បាលវីសលើដងផ្លូវ( មិនដឹងថាពួកគេមានចេតនាបែបណានោះទេ) ហើយយើងក៏មិនដឹងអត្តសញ្ញាណរបស់ពួកគេដែរ។ តើជាការលេងសើច ឬប៉ុនប៉ងអ្វីមួយរបស់ពួកគេចំពោះអ្នកធ្វើដំណើរឆ្លងកាត់នោះ? សូមកុំធ្វើបែបហ្នឹងដើម្បីជាការលេងសើចឬដើម្បីផលប្រយោជន៍ណាមួយអីព្រោះវាមិនមែននាំផលចំណេញដល់សង្គមឡើយ។ ត្រូវចាំថាអាយុជីវិតនិងទ្រព្យសម្បត្តិរបស់គេ វាជារឿងសំខាន់សម្រាប់គេ។

នេះជាបទពិសោធន៍ ថ្មីដែល ខ្ញុំទើបទទួលបាននៅម៉ោង១០៖២០នាទីយប់នៅចំនុចនោះ។

ជាមួយនេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអរគុណចំពោះ ម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែលបានផ្សព្វផ្សាយនូវព័ត៌មាននេះ ដើម្បីសមត្ថកិច្ចមានមូលដ្ឋានក្នុងការចាត់វិធានការស្រាវជ្រាវស៊ើបអង្កេត ស្វែងរកការពិតនិងមានវិធានការទាន់ពេល ៕ អត្ថបទ ÷ សោ និយមរ័ត្ន