វគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធគាំពារសង្គម

0

ខេត្តបន្ទាយមានជ័យ: រដ្ឋបាលខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី ២១ខែមេសាឆ្នាំ ២០២២បានសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតីសម្បទា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធគាំពារសង្គម ជូនដល់សិក្ខាកាមជាមន្ត្រីរាជការ អញ្ជើញមកពីការិយាល័យសុខុមាលភាពសង្គមតាមស្រុកក្រុង នៅខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិននិងខេត្តបន្ទាយមានជ័យ ដោយវគ្គបណ្ដុះបណ្ដាលនេះឧបត្ថម្ភដោយអង្គការ យូនីសេស(unicet) សមាគមន៍អឺរ៉ុប។
លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ គឺមានគោលបំណងដើម្បីលើកកម្ពស់ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឲ្យកាន់តែប្រសើរឡើង ព្រមទាំងដើម្បីឆ្លើយតបនឹងតម្រូវការ បន្សីយុទ្ធសាស្ត្រគោលនយោបាយនិងសកម្មភាព គាំពារសង្គមនានារបស់រាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រនិងភាពងាយរងគ្រោះ។ ឯកឧត្តម សុខ ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតីសម្បទា មានប្រសាសន៍លើកឡើងថា សេវាគាំពារសង្គមមានសារៈសំខាន់ណាស់ គឺជាជំហានមួយដើម្បីផ្ដល់នូវ សេចក្ដីថ្លៃថ្នូរ និងឱកាសស្មើភាពគ្នាដល់ជនក្រីក្រ និងងាយរងគ្រោះ សេវាគាំពារសង្គមជាការប៉ះប៉ូវនៃការបាត់បង់ប្រាក់ចំណូល និងរ៉ាប់រងចំណាយលើសេវាថែទាំសុខភាព និងធានាឲ្យមានការទទួលបាន សេវាតាមរយៈការជួយសម្រួលដល់ការទទួលសេវាសង្គម នឹងការឆ្លើយតបចំពោះតម្រូវការជាមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង។
ឯកឧត្តម សុខ ប៊ុនថា បានមានប្រសាសន៍បន្តថា រយៈកន្លងមកប្រទេសកម្ពុជាយើង មានបញ្ហាប្រឈមពាក់ព័ន្ធនឹងសេវាគាំពារសង្គម មូលហេតុនៃការរាតត្បាតជាសកលនៃជំងឺកូវីដ 19 ធ្វើឲ្យភាពក្រីក្រនិងវិសមភាពកាន់តែមានការកើនឡើង លាតត្រដាងឲ្យឃើញពីភាពខ្វះចន្លោះ នៃការគ្រប់ដណ្តប់ភាព គ្រប់ជ្រុងជ្រោយនិងសុក្រិតភាពនៃសេវាគាំពារសង្គម នៅគ្រប់ប្រទេសទាំងអស់ និយាយជារួមនិងដោយឡែក រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាយើង បានយកចិត្តទុកដាក់ខិតខំពុះពារ គ្រប់ឧបសគ្គចំពោះបញ្ហាប្រឈមលើសេវាគាំពារសង្គម ទទួលបានជោគជ័យគួរឲ្យកត់សំគាល់៕ដោយ៖ ភ្នំប្រាក់