អភិបាលខេត្តត្បូងឃ្មុំមន្ត្រីរាជការដែលល្អ៩៩% កុំយកប្រៀបធៀបមួយចំនួនតូចដែលខិលខូចនោះ ដូច្នេះហើយ សូមកុំខឹងគោវាយរទេះ

0

ត្បូងឃ្មុំ​:​ ក្នុងឳកាសដឹកនាំក្រុមការងារចុះ​សាកសួរសុខទុក្ខ​ ប្រជាពលរដ្ឋចំនួន ៣៦ភូមិ ក្នុងឃុំចំនួន០២​ នៃស្រុកអូររាំងឳ នាព្រឹក​ថ្ងៃទី​២១​ ខែមេសា​ ឆ្នាំ​២០២២​នេះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ​ បានលើកឡើងប្រសាសន៍សម្តេចតេជោថា សូមមើលព្រៃទាំងមូល កុំមើលដើមឈើ១ដើម មានន័យថា មន្ត្រីរាជការដែលល្អ៩៩% កុំយកប្រៀបធៀបមួយចំនួនតូចដែលខិលខូចនោះ ដូច្នេះហើយ សូមកុំខឹងគោវាយរទេះ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បាន​សំណូមពរ​សូមឲ្យបងប្អូនពលរដ្ឋចូលរួមបោះឆ្នោតទាំងអស់គ្នា ជាពិសេសបន្តបោះឆ្នោតគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ដែលខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតសព្វថ្ងៃនេះ។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងពីយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងបានយ៉ាងល្អ របស់សម្តេចតេជោ ដែលធ្វើឲ្យកម្ពុជាជោគជ័យលើការងារប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនធំ។

ជាមួយ​គ្នានោះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​ ក៏បានអំពាវនាវឲ្យពលរដ្ឋ និងអាណាព្យាបាលទាំងអស់ សូមនាំកុមារអាយុចាប់ពី០៣ឆ្នាំ រហូតដល់មនុស្សចាស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី០១ ក៏ដូចជាដូសជំរុញ សូមមកចាក់ដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល​ជំងឺ​កូវីដ​-១៩ ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍យើង​ផងដែរ​ ៕