ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញនៅអឺរ៉ុប ឈ្មោះថា Ryanair ដែលមានតម្លៃសេវាកម្មទាបជាងគេនៅអឺរ៉ុបនោះ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ផលិតយន្តហោះលំដាប់កំពូលរបស់ ពិភពលោកឈ្មោះថា Boeing ដោយសុំបញ្ជាទិញយន្តហោះចំនួន២០០គ្រឿង ក្នុងនោះមានយន្តហោះប៊ូអ៊ីង 737 MAX ។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានបញ្ជាក់ថា តម្លៃនៃយន្តហោះដែលត្រូវបញ្ជាក់ទិញនោះ មានទឹកប្រាក់ជាង ២២ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ដែលនេះជាតម្លៃបង្ហាញ នៅក្នុងតារាង ស្រាប់នាពេលបច្ចុប្បន្ននេះ ។
គួរបញ្ជាក់ថា ការបញ្ជាទិញយន្តហោះដ៏ច្រើននេះ ជាបំណងប្រាថ្នាមួយរបស់ក្រុមហ៊ុន អាកាសចរណ៍ដែលចង់ពង្រីក សក្តានុពលពាណិជ្ជកម្មរបស់ខ្លួន ពោលគឺបង្កើនអ្នកដំណើរ គិតជាប្រចាំឆ្នាំឲ្យបាន ៥០ភាគរយ ដោយ ក្នុង១ឆ្នាំមានអ្នកដំណើរ មិនទាបជាង១៥០លាននាក់ រហូតដល់ឆ្នាំ២០២៤ ។ ក្រុមហ៊ុន Ryanair បានបញ្ជាក់ថា "Ryanair នឹងក្លាយជាអ្នកនាំមុខគេក្នុងការ ទាក់ទាញអតិថិជន សម្រាប់ការប្រើប្រាស់ នូវយន្តហោះថ្មីៗទាំងនេះ ដោយមានកៅអីសម្រាប់ អ្នកដំណើរមិនតិច ជាង១៩៧នាក់ឡើយ " ៕