ខេត្តព្រះវិហារ៖អាជីវកម្មផែច្រៀកឈើប្រណីតបេងធ្នង់នាងនួនដោយម៉ាស៊ីនរ៉ៃទំនើបខុសច្បាប់ចំនួន២កន្លែងធំៗជារបស់ឈ្មួញឈ្មោះសាំងស្ថិតនៅក្បែរវិហារឥស្លាមក្នុងភូមិទ្បឥដ្ឋសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារនិង១កន្លែងទៀតជារបស់ឈ្មួញឈ្មោះនិតស្ថិតនៅភូមិគោកព្រិច
សង្កាត់ប៉ាលហាលក្រុងព្រះវិហារ។
អាជីវកម្មផែច្រៀកឈើប្រណីតដោយម៉ាស៊ីនរ៉ៃទាំង២នេះដំណើរការយ៉ាងរលូននិងមានភាពមមាញឹករាល់ថ្ងៃដោយមានពួកឈ្មួញបើកសិប្បកម្មកែច្នៃឈើប្រណីតធ្វើគ្រឿងសង្ហារឹមទាំងមានច្បាប់និងអត់ច្បាប់ប្រមាណ៦០កន្លែងក្នុងក្រុងព្រះវិហារបាននាំគ្នាដឹកជញ្ជូនឈើតាប់ប្រណីតបេងធ្នង់នាងនួនយកទៅផែច្រៀកទៅតាមការចង់បាន។
ប្រជាពលរដ្ឋនៅក្បែរទីតាំងម៉ាស៊ីនរ៉ៃទាំង២នេះបានរាយការណ៍អោយដឹងថាក្នុង១ថ្ងៃៗអាជីវកម្មផែច្រៀកឈើប្រណីតនិមួយៗអាចផែបានចាប់ពី៥ម៉ែត្រគូបទ្បើងទៅហើយថ្លៃឈ្នួល៣០ដុល្លារអាមេរិកក្នុង១ម៉ែត្រគូប។ម៉ាស៊ីនរ៉ៃផែឈើប្រណីតនេះជាសសៃឈាមមួយយ៉ាងសំខាន់ដល់ដំណើរការបើកសិប្បកម្មកែច្នៃឈើប្រណីតទាំងអស់ក្នុងក្រុងព្រះវិហារបើគ្មានវត្តមានម៉ាស៊ីនរ៉ៃប្រភេទនេះទេគឺទីតាំងសិប្បកម្មស្ទើរតែទាំងអស់នឹងត្រូវបិទទ្វារដោយស្វ័យប្រវត្តិ។
ឈ្មួញឈ្មោះនិតម្ចាស់អាជីវកម្មម៉ាស៊ីនរ៉ៃដ៍ធំមួយនៅភូមិគោកព្រិចបានអោយដឹងថាគាត់បើកធ្វើអាជីវកម្មនេះគ្រាន់តែស៊ីឈ្នួលគេប៉ុណ្ណោះហើយបាននិយាយត្អូញត្អែរថាបានខ្ចីប្រាក់គេចំនួន៤លានរៀលយកមកធ្វើអាជីវកម្មថែមទៀត។ឈ្មួញឈ្មោះនិតម្នាក់នេះបានឆ្លៀតឱកាសពង្រីកមុខរបរអោយកាន់តែធំថែមទៀតដោយដឹកឈើតាប់ប្រណីតបេងធ្នង់នាងនួនខុសច្បាប់ទៅលក់នៅខេត្តកំពង់ធំស្ទើរជារៀងរាល់យប់ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចឈរជើងនៅតាមដងផ្លូវជាតិលេខ៦២នោះទេ។
ដើម្បីកុំអោយប្រជាពលរដ្ឋនិយាយរិះគន់ថាសមត្ថកិច្ចជំនាញមេព្រៃមានចេតនាឃុបឃិតជាមួយឈ្មួញឈ្មោះសាំងនិងឈ្មោះនិតនោះសង្ឃឹមថាកំលាំងជំនាញមេព្រៃនៅមូលដ្ឋាននឹងមានវិធានការម៉ឺងម៉ាត់ចុះទៅបង្ក្រាបលុបបំបាត់ទីតាំងម៉ាស៊ីនរ៉ៃផែច្រៀកឈើប្រណីតខុសច្បាប់ទាំង២កន្លែងខាងលើប្រកបដោយប្រសិទ្ធភាព៕