ខេត្តកំពង់ធំ៖ លោកវរសេនីយ៍ត្រី អ៊ិន ប៉ូ មេបញ្ជាការផ្នែកសឹករងប្រាសាទសំបូរ បានប្រកាន់ភ្ជាប់នូវការណែនាំ ចង្អុលបង្ហាញពី ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងន័យកងទ័ពគឺជាកូនចៅរបស់ប្រជាជន បម្រើប្រជាជនដោយស្មោះឥតលក្ខខណ្ទ ក្នុងការចុះសាកសួរសុខទុក្ខ ជួយឧបត្ថម្ភគាំទ្រ និងសិក្សាស្វែងយល់ពី ទុក្ខលំបាករបស់អតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ 
ជាក់ស្តែងនៅព្រឹកថ្ងៃទី ០៣ខែឧសភា ឆ្នាំ ២០២២ លោកវរសេនីយ៍ត្រី អ៊ិន ប៉ូ បានដឹកនាំកងកម្លាំងក្រោមឳវាទចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន ដែលកំពុងតែកសាងជីវិតថ្មី លើដីភូមិដ្ឋានសម្តេចតេជោ ដែលបានប្រគល់ជូនដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ រួមទាំងបានពាំនាំស្បៀងអាហារ គ្រឿងឧបភោគបរិភោគ មកជួយឧបត្ថម្ភ៨គ្រួសារ ក្នុងមួយគ្រួសារ អង្ករ២០គ.ក ត្រីខមួយយួរ មីមួយកេស ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ចេកមួយដើម ដូងក្រអូបមួយដើម ទៀបមួយដើម និងថវិកាមួយចំនួបផងដែរ។
នៅក្នុងឳកាសនេះ លោកមេបញ្ជាការផ្នែកសឹករងប្រាសាទសំបូរ បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកន្លងមកតែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះការរស់នៅ និងសុខទុក្ខរបស់អតីតយុទ្ធជន ដែលកំពុងតែរស់នៅក្នុងខេត្តកំពង់ធំ ជាពិសេសបងប្អូនអតីតយុទ្ធជនដែលកំពុងតែកសាងជីវិតថ្មីលើដីសម្បទានសង្គមកិច្ច ។
បងប្អូនអតីតយុទ្ធជន បានគោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ដី និងផ្ទះសម្រាបរស់នៅ និងជាកេរ្ត៍មរតកសម្រាប់កូនចៅ ដែលធ្វើឲ្យពួកគាត់មានសេចក្តីត្រេតអរជាពន់ពេក ដែលកន្លងមកមិនដែលនឹកស្មានទាល់តែសោះ ថាជីវិតចុងក្រោយនិងមានដីមានផ្ទះ មានថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់មើលថែពីសុខទុក្ខបានល្អ ហើយនិងសូមប្តេជ្ញាចិត្ត គាំទ្រស្មោះត្រង់ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យដឹកនាំនាវាសន្តិភាពបន្តទៀត ដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅគ្រប់ជំនាន់។
ដោយ ប៊ុន រដ្ឋា





































