ប៉ៃលិន៖ រសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ក្នុងនាមរដ្ឋបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដែលកំពុងកម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នាគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។
មរណភាព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង គឺជាការបាត់បង់នូវធនធានមនុស្សដ៏គម្រូមួយ ដែលជាឥស្សរជន ដ៏ឆ្នើមមួយរូប បានលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញា បម្រើប្រទេសជាតិ មាតុភូមិរហូតមក។
ជាមួយនឹងការទទួលមរណភាពរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង លោកជំទាវ បាន ស្រីមុំ និងឯកឧត្តម សៅ សរ៉ាត់ ឯកឧត្តម ជា ចាន់ឌិន ព្រមទាំងប្រតិភូអមដំណើរទាំងអស់ សូមសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោកព្រឹទ្ធាចារ្យ ហ៊ុន ណេង បានសោយសុខក្នុងសុគតិភពជានិរន្តរ៍តរៀងទៅ។
សូមបញ្ជាក់ផងដែរថា សពលោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន







































