ខេត្តបាត់ដំបង : បុរសម្នាក់បានលោតចូលទៅក្នុងអណ្តូងទឹកដ៏ជ្រៅ ដើម្បីធ្វើអត្តឃាត ដោយសារឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន រហូតដល់កម្រិតបែក និងក្លាយទៅជាមនុស្សស្ទើរបាត់សតិ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ៩ និង ១០ នាទី ព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមការបំភ្លឺពីម្តាយឈ្មោះ អុឹម វ៉ាន់ បាននិយាយថា កូនប្រុសរបស់គាត់ឈ្មោះ អុឹម វឿន អាយុ ៣១ ឆ្នាំ គឺមានរោគសសៃប្រសាទ និង ជក់ថ្នាំញៀន រហូតស្ទើរតែបែកថ្នាំទៅហើយទើបគាត់អោយវារស់នៅក្នុងខ្ទមមួយតែម្នាក់ឯង ក្បែមាត់អណ្តូងនោះដោយសារគាត់ខ្លាច។
ស្ត្រីជាម្តាយបានបន្តថា កន្លងមកកូនប្រុសរបស់គាត់ គឺមានបំណងចង់សម្លាត់ខ្លួនប៉ុន្មានដងមកហើយ ដោយមានពេលខ្លះវាបានឡើងទៅលើដំបូលផ្ទះអ្នកជិតខាង និងចង់យកសាំងប្រុងដុតផ្ទះ ផងដែរ ប៉ុន្តែត្រូវបានគេជួយទាន់ពេល។
លុះនៅព្រឹកនេះដែរ គាត់ក៏បានឃើញកូនប្រុសរបស់គាត់លោតចូលទៅក្នុងអណ្តូងទឹកដែលមានជម្រៅរហូតដល់៨កង់លូ ហើយក៏បាត់ឈឹងតែម្តង ទើបគាត់បានស្រែកឆោរឡោឡើង ដើម្បីអោយគេជួយ។ បើទោះបីជាកូនប្រុសធ្លាប់បានយកដែកសសៃគម្រាមចាក់សម្លាប់គាត់យ៉ាងណាក៏ដោយ ក៏គាត់នៅតែគិតថាវាគឺជាកូនដែរ ទើបទទូចអង្វរសមត្ថកិច្ចធ្វើយ៉ាងណាជួយស្រង់កូនប្រុសរបស់គាត់ឡើងមកវិញដើម្បីយកធ្វើបុណ្យតាមប្រពៃណី។
នៅពេលនោះដែរ ទាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋ បានស្វះស្វែងរកម៉ូទ័រដើម្បីបូមទឹកអណ្តូងនោះ ឯខ្លះទៀតក៏បានយកដើមឫស្សីមកចងទំពក់យកមកលាប ទីបំផុតក៏បានទាក់នឹងអាវហើយក៏បានទាញសពឡើងមកវិញបាន ដើម្បីប្រគល់ទៅអោយម្តាយរៀបចំធ្វើបុណ្យ។ នេះគឺជាលទ្ធផលនៃការប្រើប្រាស់សារធាតុញៀន៕ អត្ថបទ : ព្រាប.ស





































