កំពង់ឆ្នាំង ៖ លោកប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៤ បានទៅ សហការជាមួយ មន្ត្រីសាលាស្រុក និងនគរបាល ស្រុកបរិបូណ៏ ដើម្បីទទួលយកកុមារីអាយុ៦ឆ្នាំម្នាក់មក ស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាខេត្ត ក្រោយពីត្រូវម្តាយមីង វាយធ្វើបាបជារៀងរាល់ថ្ងៃ ធ្វើអោយនាងទ្រាំ មិនបាន នាងបានរត់ចេញមកអោយអ្នកជិតខាងជួយ និងដោយសារទារុណកម្មនេះកើតឡើងរាល់ថ្ងៃពេក ធ្វើអោយអ្នកជិតខាងមានក្តីអាណិតពេកក៏បានប្តឹងសមត្ថកិច្ចនិងអាជ្ញាធរស្រុកអោយជួយធ្វើអន្តរាគមន៏។
ប្រជាពលរដ្ឋបាននិយាយអោយដឹងថា៖កាលពីល្ងាចថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០១៤ ក្មេងស្រីឈ្មោះ ស្រី ដា អាយុ៦ឆ្នាំមានស្រុកកំណើតនៅខេត្តសៀមរាបបានស្រែកយំ និងរត់ចេញពីផ្ទះម្តាយមីង ឈ្មោះ តាំង ហ្គិចសាង អាយុ៤៥ឆ្នាំ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីអោយអ្នកស្រុកជួយ ជាច្រើនលើកច្រើនសារ បន្ទាប់ពីម្តាយមីងរបស់ខ្លួនបានវាយធ្វើទារុណកម្មរៀងរាល់ថ្ងៃ។ដោយទ្រាំមើលឃើញពីការធ្វើទារុណកម្មរបស់ស្ត្រីម្តាយមីងមកលើក្មួយស្រីមិនបាននិងកាន់តែខ្លាំងឡើងៗ អ្នកស្រុកដែលនៅក្បែរផ្ទះកុមារីរងគ្រោះ ក៏បានអោយក្មេងស្រីស្នាក់នៅមួយយប់ និងប្តឹងទៅអាជ្ញាធរនិងសម ត្ថកិច្ចអោយជួយអន្តរាគមន៏តែម្តង។
ប្រជាពលរដ្ឋដែលរស់ជិតកុមារីខាងលើនេះបាននិយាយទៀតថាៈ ម្តាយមីងរូបនោះតែងវាយ ធ្វើ បាបក្មេងស្រីខាងលើនេះជារៀងរាល់ថ្ងៃ ពេលខ្លះវាយនឹងខ្សែភ្លើង និង ពេលខ្លះយករំពាត់ធំមកវាយធ្វើបាបយ៉ាងខ្លាំង និងពេលខ្លះទៀតបង្អត់អាហារក៏មានដែរ តែអ្នកស្រុកទាំងនោះមិនហ៊ាននិយាយទេកន្លង មក ។ ប៉ុន្តែនៅល្ងាចថ្ងៃទី ៧ ខែកញ្ញា នេះដោយសារការធ្វើទារុណកម្មពីម្តាយមីងហួសហេតុពេកមិនអាច ទ្រាំបាន ទើបអ្នកស្រុកជិតខាងដែលមានក្តីមេត្តា បានសំរេចចិត្តប្តឹងសមត្ថកិច្ចតែម្តង ។
នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ ស្ត្រីជាម្តាយមីងត្រូវបានមន្ត្រីនគរបាលមូលដ្ឋាន កោះហៅ ទៅសាកសួរបំភ្លឺ ជុំវិញករណីវាយធ្វើបាបក្មួយរហូតមានស្លាកស្នាមនេះ ហើយស្ត្រីរូបនោះបានសារភាព ថាៈ ក្មេង ស្រីខាងលើនេះ ជាក្មួយរបស់គាត់ ដែលឪពុកម្តាយវា នៅខេត្តសៀមរាប បានទៅធ្វើការនៅ ប្រទេសថៃអស់ហើយ និងបានប្រគល់កូនមកអោយគាត់ជាអ្នកចិញ្ចឹមថែរក្សារ កាលពីអំឡុងនៅចុងខែ កក្កដា ឆ្នាំ២០១៣។ គាត់ទទួលស្គាល់ថា គាត់ពិតជាបាន វាយធ្វើ បាបក្មួយស្រីរបស់ខ្លួនពិតប្រាកដមែន ព្រោះវាតែងលួចឥវ៉ាន់គាត់រៀងរាល់លើក មិនបានដឹងថាការវាយក្មួយស្រីបែបនេះ មានទោសនោះទេ ។
ក្រោយពីបានធ្វើការសាកសួរពីសំណាក់មន្ត្រីនគរបាលមូលដ្ឋាន នៅចំពោះមុខមន្ត្រីសាលាស្រុក រួចមក ស្ត្រីជាម្តាយមីងរូបនោះ ត្រូវបានអនុញ្ញាត្តិអោយត្រឡប់ទៅផ្ទះវិញដោយមិនបានឃាត់ខ្លួននោះ ឡើយ។ដោយឡែកកុមារីរងគ្រោះ ដែលមានស្នាមជាំពេញខ្នង ដែលមើលទៅដូចស្នាមវាយនឹងខ្យែភ្លើង ឬដែកព្យួរខោអាវបាននិយាយថាៈ នាងមិនត្រឡប់ទៅនៅជាមួយម្តាយមីងវិញទេ សុំជួយនាងផង ។ ជុំវិញករណីម្តាយមីងវាយធ្វើបាបក្មួយនេះ ត្រូវបានលោក ជាង សុវណ្ណារិទ្ឋ អធិការនគរបាល ស្រុកបរិបូណ៏បាននិយាយថា លោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត បានអោយនគរបាល កសាងសំណុំ រឿងជាថ្មីឡើងវិញ ដើម្បីបញ្ជូនមកតុលាការខេត្ត ។
ចំណែក លោក ថោង ចំរើនប្រធានមន្ទីរសង្គមកិច្ចវិញបាននិយាយថាលោកបានទទួលបញ្ជារអោ យកក្មេងស្រីខាង លើ នោះមកស្នាក់នៅជាបណ្តោះអាសន្ននៅមណ្ឌលកុមារកំព្រាខេត្តសិនមិនទាន់ដឹង ថាត្រូវនៅមណ្ឌលនេះរហូតឬយ៉ាងណានោះទេ ។តែមានអ្នកចង់បានក្មេងខាងលើយកទៅចិញ្ចឹមធ្វើកូន តែអាជ្ញាធរ និងមន្ត្រីពាក់ពន្ឋ័មិនហ៊ានសម្រចអោយទៅខាងណានោះទេ តែបើរស់ ក្នុងនៅមណ្ឌលកុមារ កំព្រាខេត្តរបស់រដ្ឋក៏ជាការល្អដែរ ព្រោះមានអ្នកថែរក្សាការពារត្រឹមត្រូវ៕