ការផ្ទុះយ៉ាងខ្លាំងមួយបានលាន់ឮកាលពី ថ្ងៃទី៩ កញ្ញា នាពេលព្រលប់ក្នុងរោងចក្រគីមីមួយស្ថិតនៅជិតទីក្រុង BRÊME ខាងជើងអាល្លឺម៉ង់។ ផ្សែងយ៉ាងក្រាស់មួយបានហុយចេញនាយប់ថ្ងៃទី៩ កញ្ញា នោះពីអគារជាច្រើននៃរោងចក្រនេះស្ថិតនៅ RITTERHUDE ចំណែកប្រតិបត្តិការជួយសង្គ្រោះនៅបន្ត ។
យោងតាមអ្នកនាំពាក្យប៉ូលិសមូលដ្ឋានម្នាក់ថា ស្នូរផ្ទុះបានលាន់ឮក្នុងចម្ងាយជាច្រើនគីឡូម៉ែត្រ ហើយបើតាមកាសែតអាល្លឺម៉ង់ BILD ថា ទីក្រុង RITTERHUDE មានប្រជាជន១៥.០០០នាក់មានការញ័ររង្គើដោយសារការផ្ទុះ។ ផ្ទះទាំងឡាយនៅជុំវិញរោងចក្រនេះរងការខូចខាត ហើយមួយចំនួនខូចខាតធ្ងន់ធ្ងរ ។ ស្ត្រីនិយោជិតរោងចក្រម្នាក់បាត់ខ្លួន ហើយមនុស្សម្នាក់ត្រូវរបួសធ្ងន់ ។ ការផ្ទុះកើតមានក្រោយពីនិយោជិត២នាក់របស់រោងចក្រចុចសញ្ញាប្រកាស អាសន្ន ។ ជាការប្រុងប្រយ័ត្ន ប្រជាជនរស់នៅជុំវិញរោង ចក្រគីមីនោះទទួលការណែនាំឱ្យបិទទ្វារ ឬបង្អួចផ្ទះ ៕