ខេត្តព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានសហការរួមគ្នាជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បើកការស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោយអំពើឃាតកម្មមួយ បានកើតឡើងទៅលើជនរងគ្រោះ ដែលត្រូវបានគេយកកាំបិតខ្វែវមកផ្តាច់ជីវិតទាំងកម្រោល និងក្រោយពេលកើតហេតុ ៤ថ្ងៃ ជនសង្ស័យដៃដល់ ត្រូវបានកម្លាំងសមត្ថកិច្ច តាមប្រមាញ់ចាប់បានយកមកផ្តន្ទាទោសនោះហើយ កាលពីរសៀលថ្ងៃទី១១ឧសភាឆ្នាំ២០២២ ដែលការចាប់ខ្លួនជនដៃដល់នោះ នៅក្នុងវាលស្រែមួយ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
មន្ត្រីអាវុធហត្ថខេត្តព្រះវិហារ បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្ត ដែលចុះប្រតិបត្តិការចាប់ជនសង្ស័យដៃដល់នោះ បានធ្វើឡើងក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ ពីលោកវរៈសេនីយ៍ទោ ជួរ ប៊ុនសុង មេបញ្ជាការរងអាវុធហត្ថខេត្តព្រះវិហារ។
គួរបញ្ជាក់ថា កាលពីម៉ោង ១២យប់ ថ្ងៃទី៨ឧសភា កន្លងទៅ មានអំពើឃាតកម្មមួយបានកើតឡើង នៅក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយបុរសម្នាក់មានមុខរបរទិញអេតចាយលក់ ឈ្មោះ ទុយ ទឺ អាយុ ២៣ឆ្នាំ មានទីលំនៅភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានជនសង្ស័យដៃដល់ ឈ្មោះ មុំ ថា ភេទប្រុស អាយុ ៣០ឆ្នាំ ជាកសិករ រស់នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះ ៥កាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែង និងក្រោយកាប់សម្លាប់ជនរងគ្រោះរួច ជនដៃដល់បានរត់គេចខ្លួន។
មន្ត្រីដដែលបានប្រាប់ឲ្យដឹងទៀតថា ក្រោយកើតឡើងនៃអំពើឃាតកម្មនេះ កម្លាំងកងរាជអាវុធហត្ថខេត្ត ក្រុង ស្រុក និងមានការចូលរួមពី កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ផងនោះ បានសហការរួមគ្នាចុះស្រាវជ្រាវអស់រយៈពេលជិត ៤ថ្ងៃ ទើបឈានទៅកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យដៃដល់បាន ព្រមទាំងបានរកឃើញ និងដកហូតបានកាំបិតខ្វែវ ១ ដែលជាវត្ថុតាងរបស់ជនសង្ស័យ បានកាប់ជនរងគ្រោះ រហូតដល់ស្លាប់។
ក្រោយការចាប់ខ្លួនជនសង្ស័យ និងការដកហូតបានវត្ថុតាងប្រព្រឹត្តបទល្មើសរួច ជនសង្ស័យត្រូវបានបញ្ជូនមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងនៅខណៈនេះ ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តព្រះវិហារ ចាត់ការជាបន្តតាមនីតិវិធី ៕ ដោយ៖ឡុង សំបូរ