ក្រោយរយពេលជាច្រើនខែធ្វើការស្រាវជ្រាវសើបអង្គេត ទីបំផុតលទ្ធផងបានបញ្ចាក់យ៉ាងច្បាស់ថាយន្តហោះដឹកអ្នកដំណើរ២៩៨ នាក់ ផ្ទុះធ្លាក់នៅភាគខាងកើតអ៊ុយក្រែនបណ្តាលមកពីវត្ថុមានល្បឿនលឿនបុក។ តាមការិយាល័យស៊ើបអង្កេតហូឡង់ ដែលបានសិក្សាទៅលើរូបភាពផ្កាយរណប រូបថតបំណែកយន្តហោះ និងស្តាប់សំឡេងនៅក្នុងប្រអប់ខ្មៅ គឺវត្ថុមកពីខាងក្រៅ ដែលហោះក្នុងល្បឿនលឿនបានបុកទម្លាយតួខ្លួនយន្តហោះ ដែលធ្វើឲ្យយន្តហោះផ្ទុះ បែកជាបំណែក នៅលើអាកាស មុននឹងធ្លាក់មកលើដី។
ការសន្និដ្ឋានបែបនេះបានធ្វើឲ្យអ្នកជំនាញរបស់ការិយាល័យស៊ើប អង្កេតហូឡង់សម្រេចសេចក្តីថា យន្តហោះម៉ាឡេស៊ីដែលផ្ទុះធ្លាក់នៅលើទឹកដីអ៊ុយក្រែន គឺមិនមែនបណ្តាលមកពីបញ្ហាបច្ចេកទេស ឬកំហុសរបស់អ្នកបើកយន្តហោះនោះទេ។ តាមអ្នកជំនាញហូឡង់ដដែល ការផ្ទុះនៅលើអាកាសបានធ្វើឲ្យយន្តហោះបាត់ពីក្នុងរ៉ាដា បាត់ទំនាក់ទំនងជាមួយអ្នកត្រួតពិនិត្យអាកាសចរណ៍ និងធ្វើឲ្យការថតទុកទិន្នន័យរបស់ប្រអប់ខ្មៅត្រូវឈប់ភ្លាមៗ។
អ្នកជំនាញហូឡង់បានប្រើពាក្យថា យន្តហោះត្រូវវត្ថុដែលហោះក្នុងល្បឿនលឿនបុកទម្លុះ ប៉ុន្តែ មិនបញ្ជាក់ច្បាស់ថា វាជាមីស៊ីល និងមិនបានទម្លាក់កំហុសទៅលើភាគីណាថា ជាអ្នកប្រព្រឹត្តទេ។ រដ្ឋអាជ្ញាហូឡង់វិញបានអះអាងថា ខ្លួននឹងបើកការស៊ើបអង្កេតដាច់ដោយឡែកមួយទៅលើករណីឧក្រិដ្ឋកម្ម នៅក្នុងសំណុំរឿងធ្លាក់យន្តហោះម៉ាឡេស៊ី។
រហូតមក អាជ្ញាធរអ៊ុយក្រែន និងអាមេរិក ដែលបានប្រើរូបភាពផ្កាយរណប បានចោទក្រុមបំបែកខ្លួនអ៊ុយក្រែន និយមរុស្ស៊ី ថា ជាអ្នកបាញ់មីស៊ីលប្រភេទប៊ូកទៅលើយន្តហោះម៉ាឡេស៊ី MH ១៧ ប៉ុន្តែ ពួកឧទ្ទាម និងទីក្រុងម៉ូស្គូដែលត្រូវអាមេរិកចោទថា ជាអ្នកផ្តល់មីស៊ីលប៊ូកទៅឲ្យពួកឧទ្ទាមនោះបានបដិសេធរុញច្រានចោល ការចោទប្រកាន់ និងទម្លាក់កំហុសទៅលើទាហានអ៊ុយក្រែនទៅវិញ។