ខេត្តស្ទឹងត្រែង៖ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រួមដំណើរជាមួយលោកស្រីAmber Cernobs លេខាទី១ អមស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ព្រមទាំងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងសហការី បានអញ្ជើញចុះទស្សនកិច្ចពិនិត្យចំការស្វាយរបស់ក្រុមហ៊ុនហ្គ្រីនស៊ី អេហ្គ្រីខាល់ឈ័រ ស្ថិតនៅក្នុងឃុំអូរស្វាយ នៃស្រុកបុរីអូរស្វាយសែនជ័យ ។
ក្នុងដំណើរទស្សនៈកិច្ច របស់ឯកឧត្តមរដ្ឋមន្រ្តី ក្នុងក្រុមហ៊ុនហ្គ្រីនស៊ី នាឱកាសព្រឹកថ្ងៃទី១២ ខែឧសភា
នេះ ឯកឧត្តម ក៏បានផ្តល់ការណែនាំដល់លោកJacky នាយកចាត់ការទូទៅរបស់ក្រុមហ៊ុន អំពីស្ថាន
ភាព នៃការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ។ ជាពិសេសទីផ្សារចិន រួមទាំងមធ្យោបាយដឹក
ជញ្ជូនទាំងក្នុងស្រុក និងអន្តរជាតិ ដែលក្រុមហ៊ុនកំពុងប្រឈម ។
ឯកឧត្តម វេង សាខុន ក៏បានមានប្រសាសន៍បន្តទៀតថាៈទោះបីជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីនៅតែគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ឲ្យបន្តខិតខំលើការងារផលិតកម្មបន្ថែមទៀត ពិសេសការអនុវត្តនីតិវិធីភូតគាមអនាម័យ ដែលជាគោលការណ៍គ្រឹះ សម្រាប់នាំចេញ បើទោះបីសកម្មភាពនៃការនាំចេញ
បាននឹងកំពុងតែប្រឈម! ហើយនេះមិនមែនមានតែនៅប្រទេសកម្ពុជាទេ តែជាបញ្ហាសកលដែលមិនអាចចៀសវាងបាន ។ មួយវិញទៀត ក្រុមហ៊ុនក៏ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តផងដែរ ធ្វើយ៉ាងណាឲ្យកិច្ចដំណើរការ នៃការវិនិយោគនេះ ប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ ។ ព្រោះថាភាពជោគជ័យនេះមិនមែនសម្រាប់តែក្រុមហ៊ុនទេ គឺសម្រាប់សេដ្ឋកិច្ចជាតិ និងជាពិសេសសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តាមរយ:ការបង្កើតការងារ «មានការងារ មានចំណូ
ល គ្មានចំណាកស្រុក មានជីវភាពល្អប្រសើរ» ទាំងនេះជាក្តីបំណងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តី តែងតែគាំទ្រ និងលើកទឹកចិត្តបង្កើតលក្ខខណ្ឌអំណោយផលដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ។
លោកJacky នាយកចាត់ការទូទៅក្នុងក្រុមហ៊ុនបានឲ្យដឹងថាៈផលិតកម្មផ្លែស្វាយ គឺមានពូជៈR2E2.
Jinh Wang. Keitt Mango. Red Golden Dragon. Tainong. Guire ពូជស្វាយទាំងនេះ ត្រូវបាននាំចូលពីប្រទេសតៃវ៉ាន់ អាមេរិក និងអូស្រ្តាលី ។
លោកJacky បន្តថាៈមកទល់នឹងបច្ចុប្បន្ននេះក្រុមហ៊ុនបានដាំដុះលើផ្ទៃដីសរុបចំនួន១២០០ហិកតាហើ
យ គឺស្មើនឹង១២% ធៀបនឹងផែនការលើផ្ទៃដីទំហំ៩៧៧២,១១៧៦ហិកតា ។ បច្ចុប្បន្នមានបុគ្គលិក កម្មករបម្រើការសរុប២០៥នាក់ ក្នុងនោះបុគ្គលិកខ្មែរ២៨នាក់ បរទេស៨នាក់ កម្មករខ្មែរអចិន្ត្រៃយ៍១៩នាក់កម្មករអណ្ដែត១៥០នាក់ ។ ហើយអនាគតដល់រដូវប្រមូលផលនៅឆ្នាំ២០២៣ ក្រុមហ៊ុននឹងត្រូវការកម្មករចំនួន៣០០នាក់ទាំងអ្នកប្រមូលផល និងវេចខ្ចប់ ដែលភាគច្រើន គឺជាពលរដ្ឋនៅមូលដ្ឋាននេះតែម្តង ។ លោកថាៈការនាំចេញទៅកាន់ប្រទេសចិន គឺត្រូវចេញពីកំពង់ផែរក្នុងខេត្តព្រះសីហនុ ឆ្លងកាត់តា
មប្រទេសវៀតណាម និងថៃ ។ ដោយគិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានចំណាយថវិកាជិត៧០លានដុល្លារហើយ ៕





































