ក្រចេះ: កាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ ភា្នក់ងារកាសែតកម្ពុជាថ្មីប្រចាំខេត្ត ក្រចេះ បានទទួលសេចក្ដីរាយការណ៍ដ៍ច្បាស់ការណ៍មួយពីប្រជាពលរដ្ឋរស់នៅឃុំ កន្តួត ស្រុកចិត្របុរី បានឲ្យដឹងថា មានឈ្មួញ ៣នាក់ កំពុងតែបន្តសកម្មភាពដឹកជញ្ជូនឈើធ្នង់ ចេញពីចំណុច១០៥ ដោយឆ្លងកាត់តាមមុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកន្តួត យ៉ាងគឃ្លើន ក្នុងមួយ យប់ៗ ទល់ៗភ្លឺ ដូចភ្លៀងរលឹមតែដដែល ។ 
ក៏ប៉ុន្តែលោកសុខ គោ នាយសង្កាត់រដ្ឋបាលព្រៃឈើកន្តួត ដែលឈរជើងគ្រប់គ្រងដែនសមត្ថកិច្ច នៅលើទឹកដីនៃតំបន់នោះ និងសមត្ថកិច្ចចម្រុះដែលឈរជើងនៅតំបន់នោះមួយចំនួនទៀត មិនបានគិតគូរយកចិត្តទុកដាក់ ចាត់វិធានការបង្ក្រាប ឬទប់ស្កាត់រាល់បទល្មើស នៃការធ្វើចរាចរដឹកជញ្ជូនឈើធ្នង់ខុសច្បាប់ របស់ក្រុមឈ្មួញនៅក្នុងតំបន់នោះ ដែលកំពុងតែកំរើកឡើងវិញយ៉ាងពេញបន្ទុក ដូចជាសព្វថ្ងៃនេះ ទៅតាមបទ បញ្ជា និង សេចក្ដីប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជានោះឡើយ ។
ប្រភពព័ត៌មានដ៍ច្បាស់ការណ៍ពីឃុំកន្តួតដដែលនោះ បានបន្តទៀតថា ក្រុមឈ្មួញទាំង៣នាក់នៅឃុំកន្តួត ដែលកំពុងតែ សំរុកដឹកជញ្ជូនឈើធ្នង់ ចេញពីចំណុច១០៥ ជារៀងរាល់យប់នេះ មានឈ្មោះដូចខាងក្រោម : ១ឈ្មោះលោកហេងប៉ាង ២ឈ្មោះលោក ធា និង៣ឈ្មោះលោកចិន ។ ហើយឈើធ្នង់ដែលក្រុមឈ្មួញទាំង៣នាក់នេះបានកំពុងតែធ្វើចរាចរដឹកជញ្ជូន តាមរថយន្តសេរីទំនើបៗ ផ្សេងៗចេញពីចំណុច១០៥ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកចិត្របុរី ខេត្តក្រចេះ ឆ្ពោះទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺពួកគេបានធ្វើចរាចរដឹកជញ្ជូនឈើធ្នង់ទាំងនោះ តាមរទេះគោ និងគោយន្ត កន្ត្រៃ រាប់សិបគ្រឿង ចេញពីតំបន់ព្រៃ នៃដែនអភិរក្យជីវ:ចម្រុះ ស្ថិតនៅក្នុងទឹកដី ស្រុកកែវសីមា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
ចំណែកឯ ប្រភពព័ត៌មានដ៍ច្បាស់ការណ៍ដោយឡែកមួយទៀត ដែលធ្លាយចេញពីក្រុមអ្នកដឹកឈើនៅក្នុងតំបន់នោះមួយចំនួនបានឲ្យដឹងដែរថា មូលហេតុដែលពួកគេអាចធ្វើចរាចរដឹកជញ្ជូនឈើធ្នង់ខុសច្បាប់ តាមរថយន្តសេរីទំនើបៗ គ្រប់ធន់ចេញពីតំបន់នោះ ដោយឆ្លងកាត់តាមមុខស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើកន្តួត ឆ្ពោះទៅកាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រកបទៅដោយសភាពយ៉ាងរលូន ដូច្នេះ គឺពួកគេបានបង់លុយទៅឲ្យលោកធី ឡុង ដែលជាមន្ត្រីយោធា ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះឈរជើងនៅតំបន់នោះជាប្រចាំខែ គឺក្នុងរថយន្តមួយគ្រឿងៗ ដូចជា រថយន្ត កាមរីសេរី៩៥ ឆ្លាម និងបាឡែន គឺបង់លុយមិនក្រោមពី ២០០០ដុល្លានោះឡើយ ហើយចំណែក ឯ រថយន្ត ហៃឡែនឌ័រ ឡង់គ្រីស៊័រ និងលុចស៊ីស វិញនោះគឺត្រូវបានបង់លុយទៅឲ្យលោកធី ឡុងមិនក្រោមពី ៤០០០ដុល្លានោះដែរ សំរាប់រថយន្តមួយគ្រឿងៗ ក្នុងមួយខែៗនោះ ហើយលុយទាំងនោះ លោកធី ឡុងបានអះអាងថា គឺយកទៅប្រគល់ជូនលោកឃី ផេង ដែលជាមេរបស់គាត់ ។
ហើយឈើធ្នង់ទាំងនោះត្រូវបានក្រុមឈ្មួញទាំង៣នាក់ ធ្វើការដឹកជញ្ជូន យកទៅលក់ឲ្យ លោកចៀម ម៉ាដែន (ហៅតក់)មានតួនាទីជា មេប៉ុស្តិ៍នគរបាលព្រំដែនឈរជើងនៅចំណុច បឹងច្រូងស្ថិតនៅលើទឹកដីស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ចំណែកឯ លោកបួយ រតនានាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ និងលោកសុខ គោនាយសង្កាត់រដ្ឋបាលព្រៃឈើកន្តួតវិញនោះ ភ្នាក់ងារកាសែត កម្ពុជាថ្មីប្រចាំខេត្តក្រចេះ មិនទាន់បានទទួលព័ត៌មានថា ឈ្មួញដែលរកស៊ីដឹកឈើខុសច្បាប់នៅក្នុងតំបន់នោះ បានបង់លុយ ទៅឲ្យលោកមេព្រៃទាំងពីនាក់នោះក្នុងមួយរថយន្តៗ ប៉ុន្មានរយឬក៏ប៉ុន្មានពាន់ដុល្លានោះ នៅឡើយទេ។ ពាក់ព័ន្ធជុំវិញបញ្ហាខាងលើនេះ ភ្នាក់ងារកាសែតកម្ពុជាថ្មី ប្រចាំខេត្តក្រចេះ បានទូរស័ព្ទទៅសុំការបំភ្លឺពីលោកធី ឡុងដែរ ក៏ប៉ុន្តែទូរស័ព្ទរបស់គាត់មិនអាចទំនាក់ទំនងបាន ៕ ម៉េងហ៊ាង



































