កំពង់ឆ្នាំង៖ កុមារីតាំង មួយជូ ហៅស្រីដាដែលត្រូវម្តាយមីងវាយធ្វើបាប ត្រូវបានក្រុមការងារ សំរេចយកនាង មកផ្ញើរនៅក្នុងមណ្ឌលកំមារកំព្រាខេត្តជាបណ្ណោះអាសន្នសិន កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤នេះ ខណៈដែលនាងមិនព្រមនៅជាមួយម្តាយមីងរបស់ខ្លួនដែលបានវាយដំរូបនាង កន្លងមក។
លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចនិងអតីតៈយុទ្ធជន បានអោយដឹងថា៖ការសំរេចយកកុមារី រងគ្រោះខាងលើមកស្នាក់នៅបណ្ណោះអាសន្នក្នុងមណ្ឌលកុមារកំព្រាខេត្តនេះគឺមានការព្រមព្រៀងគ្នាពីក្រុមការងារដែលមានសមាសភាពចូលរួមដូចជា៖មន្ត្រីមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជន,អាជ្ញាធរស្រុកឃុំ,សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលពន្លៃ,អ្នកឃ្លាំមើលសិទ្ធមនុស្សលីកាដូ,និងអ្នកសំរបសំរួលអង្គការវើលវីហ្សិន។ក្រោយពីធ្វើការសាកសួរកុមាររងគ្រោះអស់រយៈពេលជាង២ម៉ោងរួចមកក្រុមការងារបានសំរេចធ្វើកិច្ចសន្យាជាមួយស្ត្រីឈ្មោះតាំង ហ្គិចសាង ជាម្តាយមីង ដើម្បីយកកុមារី តាំងមួយជូ មកដាក់ស្នាក់នៅ ដើម្បីតាមដានសភាពបុគ្គលឹក លក្ខណៈរបស់នាងបន្តទៀត បើនាងចង់ទៅនៅជាមួយម្តាយមីងវិញគឺខាងសាម៉ីមន្ទីរនឹងធ្វើតាមភ្លាម។
សមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលពន្លៃបានអោយដឹងថា៖ស្ត្រីឈ្មោះ តាំង ហ្គិចសាង អាយុ៤៥ឆ្នាំ ដែលត្រូវជាម្តាយមីងរបស់កុមារីតាំង មួយជូនោះ ត្រូវបានលោកស្នងការនគរបាលខេត្ត អោយកសាងសំណុំ រឿងបញ្ជូនមកថ្នាក់លើដើម្បីស្រាវជ្រាវបន្តតាមនីតិវិធី។ ដោយឡែកស្ត្រីឈ្មោះ តាំង ហ្គិចសាង បាននិយាយប្រាប់ក្រុមការងារចំរុះថា៖កាលពីឆ្នាំ២០១៣ ប្អូនប្រុសបង្កើតរបស់គាត់ឈ្មោះ តាំង ប៉េង បានទូរស័ព្ទពីប្រទេសគេមកថា អោយគាត់ទៅជួយយកកូនស្រី ខ្លួនពីលោកយាយម្នាក់ដែលគេបានផ្ញើរនៅស្រុកពួក ខេត្តសៀមរាបផង។
លុះនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ គាត់បានទៅយកក្មួយស្រី តាំង មួយជូ នេះពីលោកយាយម្នាក់នោះនៅក្នុងស្រុកពួក ដោយធ្វើ ដំណើរចម្ងាយប្រមាណ៣០គីឡូម៉ែត្រទៀតពីទីរួមស្រុក។លុះយកមកដល់ផ្ទះហើយ គាត់បានដាក់ឈ្មោះថា តាំង មួយជូ ហៅស្រីដា ដោយធ្វើជាកូនស្រីរបស់គាត់ និងបានអោយចូលរៀនដូចកូនគេកូនឯងទៀតផង។ ដោយផន សុខជាតិ