ខេត្តកកំពង់ធំៈ ឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ការតែងតាំង ការផ្លាស់ប្តូរចៅក្រមព្រះរាជអាជ្ញា គឺជារឿងធម្មតា ក្នុងអាជីពជាចៅក្រម- ព្រះរាជអាជ្ញា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀងគោលបំណងដើម្បីធានា ឱ្យមានកិច្ចដំណើរការការងារកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងឨកាសពិធីប្រកាស់ផ្ទេរតំណែង តែងតាំងប្រធានសាលាដំបូង ខេត្តកំពង់ធំ នារសៀលថ្ងៃទី24ខែឧសភា ឆ្នាំ2022 នៅសាលាដំបូងខេត្តកំពង់ធំ។
ឯកឧត្តមលាង សួគ៌ អតីតប្រធានសាលាដំបូងខេត្តកំពង់ធំ ត្រូវបានព្រះករុណាព្រះប្រធាន ជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះប្រធាន ព្រះមេត្តាជ្រាបអំពីសមាជិកថ្មី ១រូប របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម គឺឯកឧត្តម លាង សួគ៌ ដែលទើបត្រូវបាន ជ្រើសតាំងដោយព្រឹទ្ធសភា នាសម័យប្រជុំលើកទី៨ នីតិកាលទី៤ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ និងត្រូវបានតែងតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ចំណែកឯកឧត្តម ផូង វណ្ណ ចូលកាន់មុខតំណែងជាប្រធានសាលាដំបូងខេត្តកំពង់ធំ ជំនួស ឯកឧត្តម លាង សួគ៌ ដែលត្រូវបានផ្ទេរមុខតំណែងទៅជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅក្រមវិញ។
ឯកឧត្តម រដ្ឋមន្រ្តី កើត រិទ្ធ បានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅដល់ ឯកឧត្តម លាង សួគ៌ អតីតប្រធានសាលាដំបូងខេត្តកំពង់ធំ ដែលត្រូវបានផ្ទេរមកជាសមាជិកឧត្តមក្រុមប្រឹក្សា នាពេលនេះ ទន្ទឹមនិងនេះឯកឧត្តមក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លាង សួគ៌ដែលបានខិតខំយកចិត្តទុកដាក់ដឹកនាំសាលាដំបូងខេត្តកំពង់ធំក្នុងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ មានសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់ នាពេលកន្លងមក។
ឯកឧត្តម រដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំខេត្ត អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នាពេលកន្លងមក។
ឯកឧត្តម រដ្ឋមន្ត្រី កើត រិទ្ធ ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហប្រតិបត្តិការល្អនេះ ជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បន្តទៀត ជាពិសេសជាមួយ ឯកឧត្តម ផូង វណ្ណ ដែលជាប្រធានសាលាដំបូងខេត្តកំពង់ធំ ទើបនឹងចូលកាន់មុខតំណែងថ្មី ឱ្យអនុវត្តតូនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព ហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗបន្ថែមទៀត៕
ដោយ ប៊ុន រដ្ឋា






































