រដ្ឋមន្ត្រីការបរទេសអាមេរិកលោកJohn Kerry នៅថ្ងៃទី១១ខែកញ្ញាបានបំពេញទស្សនកិច្ចស្ងាត់ៗទៅកាន់ប្រទេសអីរ៉ាក ក្រោយពេលប្រធានាធិបតិបារ៉ាក់អូបាម៉ាអនុញ្ញាត្តិឲ្យបើកការវាយប្រហារតាមដែនអាកាស់ទៅលើក្រុមឧទ្ធាមអិស្លាម។ ដំណើរទស្សនកិច្ចទៅកាន់ អីរ៉ាកក៏ដូចជាមជ្ឈឹមបូព៌ា របស់លោកចនឃើរីគឺដើម្បីពង្រឹងសម្ព័ន្ធមិនទប់ទល់ជាមួយក្រុមអិស្លាមបង្កើតទឹកដី។ លោកចនឃើរី បានចូលដល់ក្រុងបាកដាដ តាំងពីព្រលឹម ដើម្បីលើកទឹកចិត្តដល់រដ្ឋាភិបាលអ៊ីរ៉ាក់ថ្មីទើបកកើត។ ចំណែកប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ ក៏បានប្រកាសថានឹងអញ្ជើញទៅអ៊ីរ៉ាក់ដែរនៅថ្ងៃសុក្រ មុនត្រលប់មកធ្វើជាអធិបតីបើកសន្និសីទអន្តរជាតិស្តីពីអ៊ីរ៉ាក់នៅ ក្រុងប៉ារីស ថ្ងៃទី ១៥កញ្ញា២០១៤។ លោក ចន ឃែរី បានអញ្ជើញទៅ
បំពេញទស្សនកិច្ចលើកដំបូងនៅអ៊ីរ៉ាក់ កាលពីពីរខែកន្លះ ដើម្បីជំរុញអ្នកនយោបាយអ៊ីរ៉ាក់ឱ្យរូតរះបង្កើតរដ្ឋាភិបាល ទើបងាយស្រួលធ្វើការប្រយុទ្ធប្រឆាំងនឹងពួកជីហាតរដ្ឋអ៊ីស្លាម។ នៅថ្ងៃនេះ លោកបានត្រលប់ទៅកាន់ក្រុងបាកដាដជាថ្មី ដោយគ្មានជូនដំណឹងជាមុន គឺដើម្បីពាំនាំសេចក្តី គាំទ្ររបស់អាមេរិកចំពោះរដ្ឋាភិបាលអ៊ីរ៉ាក់ថ្មី ដែលទើបប្រសូតចេញរួចកាលពីថ្ងៃចន្ទ និងដឹកនាំដោយលោក ហៃដា អាល់ អាបាឌី។ ថ្វីដ្បិតតែក្បាលម៉ាស៊ីនដឹកនាំអ៊ីរ៉ាក់ថ្មីនេះ មិនឆ្លើយតបបានទាំងស្រុងនឹងការរង់ចាំក៏ដោយ ក៏សហគមន៍អន្តរជាតិភាគច្រើនបានស្វាគមន៍ និងចាត់ទុកជាដំណាក់កាលដ៏សំខាន់។ ហេតុដូច្នេះហើយ
បានជាលោក ប្រមុខការទូត ត្រូវប្រញាប់រួសរាន់ចូលជួបពិភាក្សាភ្លាមនៅថ្ងៃនេះ ជាមួយអាជ្ញាធរថ្មី អំពីតួនាទីមិនអាចខ្វះបានរបស់អ៊ីរ៉ាក់ ក្នុងការស្ថាបនាសម្ព័ន្ធអន្តរជាតិប្រឆាំងនឹងរដ្ឋអ៊ីស្លាម។ បន្ទាប់ពីក្រុងបាកដាដ លោក ចន ឃែរី ត្រូវបន្តដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដូចការគ្រោងទុក ដើម្បីជួបប្រមុខការទូតនៃក្រុមប្រទេសរាជានិយមក្នុងតំបន់ឈូង សមុទ្ទពែក្ស ដែលត្រូវការឃើញផែនការលម្អិតរបស់សិន មុនព្រមចូលជាសម្ព័ន្ធអន្តរជាតិប្រឆាំងរដ្ឋអ៊ីស្លាម។