ខេត្ត់ដំបង ÷ ព្រះសង្ឃ និងឧបាសក ចំណុះជើងវត្ត សរុបចំនួន ៥២ អង្គ នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបន្ទាន់ ក្រោយពីបានពុលចំណីអាហារនៅក្នុងវត្ត នាថ្ងៃសីលម្សិលមិញនេះ។
កាលពីវេលាម៉ោង១០ និង៣០ នាទី ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្នុងបរិវេណវត្ត សំរោងលើ ក្នុងឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីពុលចំណីអាហារ ទាំងព្រះសង្គ ក៏ដូចជាឧបាសក ឧបាសិកា ចំណុះជើងវត្ត រហូតជាង៥០នាក់។
បើតាមការរៀបរាប់ពីអ្នកជម្ងឺមួយចំនួនដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី បាននិយាយថា កាលពីម្សិលមិញនេះ គឺជាថ្ងៃសីល ដូច្នេះហើយទើបពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នារៀបចំធ្វើបាញ់ហយ ដើម្បីប្រគេនព្រះសង្គអោយប្លែកមាត់ម្តង។
ប្រភពដដែលបានបន្តថា លុះក្រោយពីព្រះសង្ឃឆាន់រួច ព្រជាពលរដ្ឋទាំងអស់ក៏បានចាប់ផ្តើមនាំគ្នាបរិភោគយ៉ាងឆ្ងាញ់ពិសារ ប៉ុន្តែមិនបានប៉ុន្មាននាទីផង ទាំងព្រះសង្គ ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ ចាប់ផ្តើមមានអការ:ក្អួតចង្អោរ និងរាគរូសឥតឈប់ឈរ ទើបអាជ្ញាធរចាត់រថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ដើម្បីសង្គ្រោះ ដែលក្នុងនោះសរុបចំនួន ៥២ អង្គ នាក់ គឺព្រះសង្ឃ ៤ អង្គ ប្រជាពលរដ្ខ ស្រីចំនួន៣០នាក់ និងប្រុស ១៨ នាក់ ។
បើតាមការអះអាងបឋមពីក្រុមគ្រូពេទ្យបានបញ្ជាក់ថា បញ្ហានេះគឺអាចបណ្តាលមកពីបន្លែឆៅ ដែលលាងមិនស្អាត ទើបបណ្តាលអោយមានការឆ្លងបាក់តេរី ទៅក្នុងខ្លួនមនុស្ស។
នៅព្រឹកថ្ងៃទី៣១ នេះដែរ កម្លាំងការិយាល័យបច្ចេកទេស និងកោសល្យវិច្ច័យ បានត្រៀមចុះទៅកាន់កន្លែងកើតហេតុហើយ ដើម្បីស្រាវជ្រាវ និងសិក្សាលើបញ្ហានេះ ថាតើដើមចមគឺបណតាលមកពីអ្វី ? ៕ អត្ថបទ : ព្រាប.ស





































