រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំត្រួតពិនិត្យការកាត់ឆ្វៀលដីតំបន់៣ ក្នុងក្រុងស្រុកចំនួន៦ ជាប់បឹងទន្លេសាប

0

សៀមរាប: ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំប្រជុំត្រួតពិនិត្យដើមី្បធ្វើការកាត់ឆ្វៀលដីតំបន់៣ បន្ទាប់ពីអនុវត្តបទបញ្ជាដ៍មុតស្រួចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើមី្បសុំគោលការណ៍កាត់ឆ្វៀលដីចេញពីតំបន់៣ ជូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ និងអាស្រ័យផលបន្ត ដែលពួកគាត់រស់នៅអាស្រ័យផលមុនឆ្នាំ២០១២ ដោយមានការចូលរួមពីអស់លោក លោកស្រីជាអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ទីចាត់ការ និង អាជ្ញាធរក្រុង ស្រុក លោក លោកស្រីជាមេឃុំ និងចៅសង្កាត់ផងដែរ។

បើតាមមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើការបង្ហាញនូវគំនូសប្លង់ដីនៅតំបន់៣ជាប់បឹងទន្លេសាប ដើមី្បសុំគោលការណ៍កាត់ឆ្វៀលចេញជូនប្រជាពលរដ្ឋទៅតាមភាពជាក់ស្តែង ដែលពួកគាត់រស់នៅជាអចិន្ត្រៃយ៍ និងប្រើប្រាស់អាស្រ័យផលក្នុងមូលដ្ឋាន ដែលមានក្រុង ស្រុក៦ ជាប់បឹងទន្លេសាប មាន ស្រុកជីក្រែង ,សូទ្រនិគម , ប្រាសាទបាគង ,ក្រុងសៀមរាប , ស្រុកពួក និងស្រុកក្រឡាញ់ ដែលមានផ្ទៃដីប៉ះពាល់ចំនួនសរុប ៣.២៤១ហិកតា និង កាត់ឆ្វៀលកន្លងមកមានទំហំ ៨.៦៨៦ ហិកតា។

ឯកឧត្តម ទៀ សីហា ក៏បានថ្លែងអំណរគុណដល់ក្រុមការងារ និង អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ដែលបានខិតខំប្រឹងប្រែងប្រមូលទិន្នន័យក្រុមគ្រួសារ ផ្ទៃដី ដើមី្បការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងភូមិអាករដែលបងប្អូនរស់នៅជាយូរលុងមកហើយ។ ឯកឧត្តមក៏បានបញ្ជាក់អំពីនិតិវិធីក្នុងការកាត់ឆ្វៀលដី ដែលជាបញ្ហាស្មុកស្មាញមួយ ដែលបងប្អូនមួយចំនួនមានទីលំនៅ លើផៃ (ផ្ទះលើកទឹក) តែពួកគាត់ត្រូវការដីបង្កបង្កើនផល និង មួយចំនួនត្រូវការដីសង់លំនៅដ្ឋាននិងបង្កបង្កើនផល ក្នុងករណីទាំងនេះគឺ ត្រូវទាមទាការត្រួតពិនិត្យឲ្យបានស៊ីជម្រៅ ក្នុងការដោះស្រាយជូនបងប្អូន។
ឯកឧត្តមបញ្ជាក់ថា ក្នុងករណីដោះស្រាយនេះ គឺមិនបានទៅតាមសំណូម១០០%នោះ ឡើយ ដោយតំបន់មួយចំនួនដែលត្រូវចាំបាច់ត្រូវប្រគល់ជូនពួកគាត់ ហើយកន្លែងខ្លះទៀតដែលបានកាប់ទន្ទ្រានក៏យើងមិនអាចប្រគល់ជូនបានឡើយ ។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមបានឯកភាពចំពោះក្រុមគ្រួសារ បានបំបែកសមាជិកគ្រួសារ និងត្រូវការទីជម្រករស់នៅ ។ ឯកឧត្តមបានគូសបញ្ជាក់ថា នៅពេលខាងមុខក្រុមការងារ និង ធ្វើកិច្ចប្រជុំដើមី្បកំណត់តំបន់២ និង តំបន់១ ដែលនឹងសម្រេចនៅពេលឆាប់ៗនេះ ដោយតំបន់២និងក្លាយជាតំបន់១ ឬក៏រក្សាទុកជាតំបន់២ អាស្រ័យផល ដដែល និងឈានដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិទៀតផង។

ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើងពីស្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ថា តំបន់៣ និងអាចក្លាយជាតំបន់អាស្រ័យផលដោយកន្លែង ឬតំបន់៣ ក៏ក្លាយជាតំបន់១ ទៅតាមការជាក់ ស្តែងរបស់អាជ្ញាធរមូលដ្ឋាន។ ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានឯកភាពជាគោលការណ៍សិន ចំពោះអ្នករស់នៅលើទឹក និងប្រគល់ជូនដីអាស្រ័យផល ព្រមទាំងត្រូវមានទីទួលសុវត្ថិភាពទៀតផង។ ដើមី្បផ្តល់ជូនប្រជាពលរដ្ឋដីតំបន់៣ អាស្រ័យផលនោះ ឯកឧត្តមបានប្រគល់ភារកិច្ចដល់អាជ្ញាធរឃុំ សង្កាត់ ធ្វើការផ្សព្វផ្សាយជូនបងប្អូន និង មានលទ្ធភាពក្នុង ការប្រគល់ជូនប្រជាពលរដ្ឋអាស្រ័យផលទៀតផង។ ឯកឧត្តម សូមឲ្យក្រុមការងារនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ថែរក្សាដីដែលយើងបានដកហូតហើយនោះឲ្យនៅគត់មត់ កុំឲ្យមានប្រការផ្សេងៗមកជ្រៀតជ្រែក នាំឲ្យបាត់គុណសម្បត្តិដែលយើងបានខិតខំប្រឹងប្រែងធ្វើដោយលំបាកកន្លងមកនេះ៕