កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀល ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ នេះ បាន អញ្ជើញ ជួប ពិភាក្សា ការងារ ជាមួយអង្គការ ខេមបូឌា វីសិន (Cambodia Vision) ដែល គ្រោង ធ្វើការព្យាបាល វះកាត់ជំងឺភ្នែក ឡើងបាយ ដុះកន្ទុយថ្លែន ពិនិត្យជំងឺ គ ថ្លង់ ដោយ ឥតគិតថ្លៃ ជូន ប្រជាពលរដ្ឋ ក្រីក្រ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
លោកស្រី យ៉ាង ធីតា លេខា អង្គកា Cambodia Vision បាន ឲ្យដឹងថា ក្រុម ការងារ របស់ លោកស្រី បាន ជួប ពិភាក្សា ការងារ ជាមួយ ឯកឧត្តម អភិបាលខេត្ត កំពង់ចាម ដេីម្បី ស្នេីសុំ ការ គាំទ្រ បន្ត ការងារ មនុស្សធម៌ ឡេីង វិញ បន្ទាប់ ពី ផ្អាក សកម្មភាព មួយ រយៈ ពេល ដោយសារ ជម្ងឺ កូវីដ -១៩ ។
លោកស្រី បាន បន្តថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការខេមបូឌាវីសិន (អូស្រ្តាលី) ប្រមាណ ជា ១០០នាក់ គ្រោង នឹង មកធ្វើ ការព្យាបាល វះកាត់ជំងឺភ្នែក ឡើងបាយ ដុះកន្ទុយថ្លែន ពិនិត្យជំងឺ គ ថ្លង់ ដោយ ឥតគិតថ្លៃ ជូន ប្រជាពលរដ្ឋ ក្រីក្រ នៅមន្ទីរពេទ្យខេត្តកំពង់ចាម នាពេល ខាងមុខនេះ ។
ក្នុង ជំនួប ពិភាក្សា នេះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន សម្ដែងនូវ ការ គាំទ្រ ចំពោះ សកម្មភាព មនុស្សធម៌ របស់អង្គការ ខេមបូឌា វីសិន (Cambodia Vision) តាម រយៈ ក្រុម គ្រូពេទ្យស្ម័គចិត្ត ចំណាយទាំងពេលវេលា និង ថវិកា មក ជួយ ពិនិត្យ ព្យាបាល ជម្ងឺ ដោយ ឥតគិតថ្លៃ ជូន បងប្អូន ប្រជាពលរដ្ឋ ក្នុង ខេត្តកំពង់ចាម ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ ៕





































